មេបក្សប្រឆាំង លោក Alexei Navalny បានអំពាវនាវដល់ពលរដ្ឋធ្វើបាតុកម្ម ក្រោយពេល តុលាការសម្រេចឃុំខ្លួនរូបលោក ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីចាប់ខ្លួនពេលចូលដល់អាកាសយានដ្ឋានក្នុងទីក្រុងមូស្គូ។
សកម្មជននយោបាយបក្សប្រឆាំង លោក Navalny នៅថ្ងៃទៅ១៨ខែមករា បានស្នើដល់ពលរដ្ឋដែលគាំទ្ររូបលោកធ្វើបាតុកម្មប្រឆាំងនិឹងការសម្រេចរបស់តុលាការ ដែលមាលក្ខណៈនយោបាយ ។ លោក Navalny បាននិយាយនៅលើបណ្តាញសង្គម Twitter ថា «សូមកំុភ័យខ្លាច សូមដង្ហែក្បួនបាតុកម្ម មិនមែនដើម្បីខ្ញុំឡើយគឺដើម្បីអនាគតរបស់លោកអ្នក»។
ក្រុមអ្នកគាំទ្រលោក Navalny គ្រោងធ្វើបាតុកម្មនៅទូទាំងប្រទេសនាចុងសប្តាហ៍នេះ ។ លិខិតសុំច្បាប់ធ្វើបាតុកម្មដែលមានមនុស្សចូលរួមប្រមាណ១ម៉ឹននាក់បានបញ្ជូនទៅកាន់រដ្ឋាភិបាល។
តុលាការ Khimki នៅទីក្រុងមូស្គូ បានចាប់ខ្លួនមេបក្សប្រឆាំង លោក Alexey Navalny ពេលចូលដល់ទឹកដីរុស្ស៊ី។ កាលពីយប់ថ្ងៃទី១៧ ខែមករា លោកក៏ត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានពេលពិនិត្យលិខិតឆ្លងដែន។
កន្លងមក ក្នុងពេលដែលលោកប្រកាសថា និឹងចូលទៅកាន់ទីក្រុងមូស្គូវិញ មន្ត្រីគ្រប់គ្រងពន្ធនាគារប្រកាសថានឹងចាប់ខ្លួនលោក ដោយចោទប្រកាន់ពីបទបំពានច្បាប់នៅក្រៅឃុំ ។ តុលាការកាត់ទោសជាប់ពន្ធនាគារកាលពីឆ្នាំ២០១៤ ប៉ុន្តែអនុញ្ញាតឲ្យនៅក្រៅឃុំ។
សហគមន៍អន្តរជាតិ ដែលមានអាមេរិកនិង់អឺរ៉ុប បានថ្កោលទោសយ៉ាងខ្លាំងដល់ការចាប់ខ្លួនមេបក្សប្រឆាំង ពេលចេញពីប្រទេសអាល្លឺម៉ង់ ទៅកាន់ប្រទេសរុស្សីវិញ។ អឺរ៉ុប ប្រកាសថានឹងបង្កើនការដាក់ទណ្ឌកម្មប្រសិនបើរុស្ស៊ីមិនដោះលែងមេបក្សប្រឆាំង ៕