ខេត្ត អូគីណាវ៉ា ជប៉ុនប្រកាសអាសន្ន ពីការឆ្លងកូវីដ-១៩

ចែករំលែក៖

នៅថ្ងៃទី ១៩ខែមករា ឆ្នាំ​២០២១ ខេត្តអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងជប៉ុន បានប្រកាសអាសន្នពីការឆ្លងរាលដាលកូវីដ-១៩​ ខណៈអ្នកឆ្លងនៅក្នុងប្រទេសជប៉ុនកើនឡើងខ្ពស់ ។
អភិបាលខេត្តអូគីណាវ៉ា ​លោក​Denny Tamaki បានសម្រេចប្រកាសអាសន្ន ដោយស្នើដល់បណ្តាភោជនីយដ្ឋាន ក្លិបកម្សាន្ត នានា ត្រូវបិទទ្វារចាប់ពីម៉ោង ២០ រៀងរាល់ថ្ងៃ។ ជាមួយគ្នានោះពលរដ្ឋ ដែលមិនមានការចាំបាច់មិនត្រូវចេញពីផ្ទះឡើយ។​ ស្ថានភាពអាសន្ននឹងអូសបន្លាយដល់ទៅ ថ្ងៃទី ៧ខែកុម្ភៈឆ្នាំ​២០២១។
កន្លងមករដ្ឋាភិបាលជប៉ុនបានប្រកាសអាសន្ននៅទីក្រុងតូក្យូ និងខេត្តចំនួន​៣ផ្សេងទៀត ។ ដោយឡែកខេត្ត អូគីណាវ៉ា គឺជាទីកន្លែងដែលទាហានអាមេរិក ឈរជើង​ភាគច្រើន បានសម្រេចប្រកាសអាសន្ន ក្រោយរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ។
បណ្តាញទូរទស្សន៍ជប៉ុន NHK ​បានផ្សាយថា ខេត្តអូគីណាវ៉ា នៅថ្ងៃទី ១៩ ខែមករា នេះ បានរកឃើញ មានអ្នកឆ្លងកូវីដ-១៩ ដល់ទៅ ១១៣​នាក់​គឺជាចំនួនឆ្លងខ្ពស់ ​៣ថ្ងៃជាប់គ្នាក្នុងខេត្តនេះ។
កន្លងមក រដ្ឋាភិបាល ខេត្ត Shizuoka ស្ថិតនៅភាគកណ្តាលនៃប្រទេសជប៉ុន​ក៏បានប្រកាសអាសន្ន ពីវីរុសទម្រង់ថ្មី ក្រោយរកឃើញមាន​៣នាក់ឆ្លងវីរុសកូវីដ-​១៩ ប្រភេទថ្មីមានប្រភពចេញពីប្រទេសអង់គ្លេស។
គិតមកដល់វេលាម៉ោង ២០ យប់ថ្ងៃទី​១៩ខែមករា២០២១ តាមគេហទំព័រ​​Worldometer នៅទូទាំងប្រទេសជប៉ុនមានករណីឆ្លងកូវីដ-​១៩ កើនឡើងដល់ទៅ​328.294 នាក់ និងស្លាប់​៤៥០១នាក់ ។ ជាមួយគ្នានោះក៏មានអ្នកជាសះស្បើយជាង ២៥២ពាន់នាក់ផងដែរ៕ដោយ៖ធី រីណា

  

...

រូបភាព៖Kyodo/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print