ខេត្តមណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន៦រូប ទទួលបានប័ណ្ណសរសើរ មេត្រីភាពពីក្រសួងបរិស្ថាន ក្នុងនោះ រួមមានមន្ត្រីឧទ្យានុរក្ស ៣រូបបំពេញការងារ ក្នុងដែនជម្រកសត្វព្រៃស្រែពក និង៣រូបទៀត បំពេញ ការងារយ៉ាងសកម្ម ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នៃខេត្តមណ្ឌលគិរី។ មន្ត្រីឧទ្យានុរក្សដែលក្រសួងបរិស្ថានបានចាត់ទុកថាជាឆ្មាំការពារព្រៃឈើ និងជាអ្នកនៅជួរមុខដើម្បីអភិរក្សធនធានធម្មជាតិ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានតំណាងឱ្យលោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានបានប្រគល់ដល់មន្ត្រីឧទ្យានុរក្សឆ្នើមទាំង៦រូប ដោយផ្ទាល់នៅទីស្នាក់ការ ត្រពាំងធ្មៀរ ក្នុងដែនជម្រកសត្វព្រៃ ស្រែពក នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះទស្សនកិច្ចស្វែងយល់ពីសក្ដានុពល នៃដែនជម្រកសត្វព្រៃស្រែពក ។
លោករដ្ឋលេខាធិការបានថ្លែងថា ប័ណ្ណសរសើរមេត្រីភាពនេះ គឺជាសក្ខីភាពបញ្ជាក់ពីការលះបង់កម្លាំងកាយ កម្លាំងចិត្ត ដ៏មោះមុត ក្នុងការបំពេញការងារការពារធនធានធម្មជាតិនៅកម្ពុជា ។
លោករដ្ឋលេខាធិការក៏បានថ្លែង លើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សបន្តបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងបន្តបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់ក្រុមគ្រួសារមន្ត្រីឧទ្យានុរក្សជាពិសេសឪពុកម្តាយ ភរិយា/ស្វាមី កូនៗរបស់មន្ត្រីឧទ្យានុរក្សដែលបានអនុញ្ញាតឱ្យកូន ស្វាមីឬភរិយារបស់ខ្លួនចូលរួមក្នុងការងារអភិរក្សធនធានធម្មជាតិដែលជាការងារប្រឈមខ្លាំងជាពិសេសជាមួយក្រុមជនល្មើស។
ក្រៅពីទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថានមន្ត្រី ឧទ្យានុរក្សទាំងអស់ ក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃ ភ្នំព្រេចក៏ទទួលបានបណ្ណសរសើរពីអង្គការ WWF ដែលជាដៃគូសហការរបស់ក្រសួងបរិស្ថានផងដែរ ៕
ដោយ៖ ហេង សូរិយា