ក្រសួងមហាផ្ទៃ បន្តពិនិត្យ និងពិភាក្សាលើផ្នែកទី១១ នៃសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, ក្រោយការពិនិត្យពិភាក្សាជាច្រើនលើកនាពេលកន្លងមក ក្រោមការដឹកនាំរបស់លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើជំពូកទី០២ ស្ដីពីបញ្ជីអត្រានុកូលដ្ឋាន និងផ្នែកទី១១ ស្ដីពីការកែបញ្ជីអត្រានុកូលដ្ឋាន និងមាត្រាទី៤១.៣ ស្ដីពីការចុះបញ្ជីពាក់ព័ន្ធនឹងការទទួលស្គាល់ដោយស័្មគ្រចិត្ត នៃសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី១ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកស្រីចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមការងារ ដែលបានតស៊ូ និងតាំងចិត្តខ្ពស់ក្នុងការចូលរួមក្នុងកិច្ចប្រជុំ ក្នុងការពិនិត្យ និងពិភាក្សាគ្នាប្រមូលធាតុចូលបន្ថែម ដើម្បីស្វែងរកការឯកភាពរួមក្នុងការកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឲ្យបានសុក្រិត និងឆាប់រហ័សក្នុងការបញ្ចប់ការរៀបចំសេក្តីព្រាងច្បាប់មួយនេះ។

លើសពីនេះទៀត លោកស្រី ក៏បានបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ តាមរយ:កិច្ចប្រជុំពិភាក្សាក្នុងពេលកន្លងមក ក្នុងនោះមានចំណុចមួយចំនួនខ្លះនៃផ្នែក ឬមាត្រា នៃសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានឯកភាពគ្នា លុបចេញនូវចំណុចមួយចំនួន ឬលុបចោលស្រុងនៃចំណុច ឬមាត្រាតែម្តង ដោយសារបានពិនិត្យឃើញថាមិនមានការចាំបាច់ និងតម្រូវការផ្នែកច្បាប់ដែលពាក់ព័ន្ធ។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន១២ជំពូក និង១៦៩មាត្រា ហើយមានគោលបំណងរួមដូចខាងក្រោម៖
ទី១-ធានាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី២-ធានាឲ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៣-ធានាថា ការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៤-ធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល។
និងទី៥-ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។

ជាងនេះទៅទៀត ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស។

សូមរំលឹកផងដែរថា កិច្ចប្រជុំនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ គឺជាលើកទី២៣ ដែលក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print