ដាល់ស្ត្រីម្នាក់៤ទៅ៥ដៃរងរបួសយ៉ាងដំណំ ទីបំផុតជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនដៃដល់ម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពីដាល់ស្ត្រីម្នាក់៤ទៅ៥ដៃ រងរបួសយ៉ាងដំណំខណៈកំពុងដើរម្នាក់ឯងតាមផ្លូវស្ងាត់។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ស្ថិតក្នុងភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ាត សំអុន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ខោអាវ មានទីលំនៅភូមិ ឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះស៊ុក គឹមសៀង ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ(ឃាត់ខ្លួន)។
ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះមានជំងឺលើសឈាម ហើយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យវិសាលសុខ រាជធានីភ្នំពេញ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ទើបជនរងគ្រោះចេញពីមន្ទីរពេទ្យមកផ្ទះវិញ។ លុះមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣ជនរងគ្រោះបានដើរទៅកន្លែងប្តីរបស់ខ្លួនផឹកស៊ីជាមួយមិត្តភក្តិ នៅដីចម្ការស្វាយរបស់ឈ្មោះ រិទ្ធ ភេទប្រុស នៅភូមិឃុំជាមួយគ្នារហូតដល់វេលាម៉ោង១៦ ជនរងគ្រោះបានដើរត្រឡប់មកផ្ទះវិញតែម្នាក់ឯង។ ពេលដើរតាមផ្លូវមកដល់មុខផ្ទះឈ្មោះ ហួន ហុឺន ស្រាប់តែជនសង្ស័យដើរមកពីក្រោយស្ទុះមកវាយជនរងគ្រោះ១ដៃចំគុម្ពត្រចៀកខាងស្តាំបណ្តាលឲ្យដួលទៅលើផ្លូវ ហើយជនសង្ស័យបានវាយជនរងគ្រោះ៥ដៃបន្ថែមទៀតចំក្បាលនិងចំខ្នង ភ្លាមនោះឈ្មោះ ស៊ុក វ៉ា ភេទប្រុស ជាឪពុករបស់ជនសង្ស័យបានចូលមកជួយចាប់ឃាត់ ហើយជនរងគ្រោះបានក្រោករត់ទៅផ្ទះ។ បន្ទាប់មកជនសង្ស័យបានរត់ដេញតាមវាយជនរងគ្រោះទៀត
តែត្រូវឈ្មោះ ស៊ុក វ៉ា ចាប់ឃាត់ទៀត។ ក្រោយមកជនរងគ្រោះដើរមកដល់ផ្ទះ មានអាការមិនស្រួលខ្លួន (ដោយជំងឺលើសឈាម) ទើបក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យវិសាលសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកអំពិល ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី៕ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print