លោក បៃ ឌិន និងភរិយាដែលជាស្ត្រីទីមួយរបស់អាមេរិក បានចុះពីរថយន្ត រួចធ្វើដំណើរពីឃ្លាំងប្រាក់ទៅកាន់សេតវិមានក្នុងនាមជាប្រធានាធិបតីទី៤៦របស់អាមេរិក ។ ការធ្វើដំណើរទៅកាន់សេតវិមានក្រោយពិធីស្បថចូលកាន់តំណែងនៅវិមានកាពីតូល ដោយមានកម្លាំងទាហាន២៥ពាន់នាក់ការពារ ។ ការធ្វើដំណើរទៅបើកទ្វារចូលសេតវិមានដោយមានការរួមដំណើរ ពីភរិយា Jill Bidenនិងកូនៗរបស់លោក ចូលទៅកាន់សេតវិមាន។ នៅក្នុងការធ្វើដំណើរនេះលោកបៃឌិន ក៏បានដើរទៅកាន់អ្នកគាំទ្រម្នាក់ ជាជនជាតិស្បែកខ្មៅដែលឈរគាំទ្ររូបលោក។ ទាំងនោះជាសារសំខាន់មួយបង្ហាញពីការសាមគ្គីជាតិសាសន៍ នាំអាមេរិកទៅកាន់ សាមគ្គីភាពនិងការរីកចម្រើន។ ជាមួយគ្នានេះដែរប្រមុខដឹកនាំនៅជុំវិញពិភពលោក បានជូនពរលោកបៃឌិន និងអនុប្រធានាធិបតី កាម៉ាឡា ហារីស ដោយនៅក្នុងសារជូនពរគឺចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្រោមការដឹកនាំរបស់លោកបៃឌិន និងលោកស្រីហារីស។ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដែលជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិក បានលើកឡើងថា «ដូចអ្វីដែលខ្ញុំបានលើកឡើង គឺខ្ញុំចង់ធ្វើការជាមួយលោកបៃឌិននិងរដ្ឋាភិបាលថ្មីរបស់លោក ។ យើងនឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការអភិវឌ្ឍ ក្រោយកូវីដ-១៩ បានឆ្លងផុត»។ ជាមួយគ្នានេះប្រធានាធិបតីរុស្ស៊ី លោកពូទីន មិនទាន់មានប្រតិកម្មអ្វីក្រោយលោកបៃឌិនចូលកាន់តំណែងនោះឡើយ ប៉ុន្តែអ្នកនាំពាក្យប្រធានាធិបតីពូទីនបានលើកឡើងថា ទំនាក់ទំនងអាមេរិក- រុស្ស៊ី គឺអាស្រ័យទៅលើលោកបៃឌិន។ រុស្ស៊ីនៅតែមានសកម្មភាពដូចកាលរាប់រយឆ្នាំមុន ស្វែងរកទំនាក់ទំនងល្អប្រសើរជាមួយអាមេរិក ។ ក្រៅពីនេះនៅមានប្រធានសហគមន៍អឺរ៉ុប និងមេដឹកនាំជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុប អាស៊ីបានជូនពរនិងបង្ហាញពីគោលបំណងចង់ធ្វើការជាមួយប្រធានាធិបតីថ្មីអាមេរិក ។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺការជូនពរពីនាយករដ្ឋមន្ត្រីឥណ្ឌាដល់លោកបៃឌិននិងលោកស្រី ហារីស ដោយមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អលើគ្រប់វិស័យ។ ឥណ្ឌាជាប្រទេសដែលមានពិធីអបអរសាទរដល់ប្រមុខដឹកនាំអាមេរិកច្រើនជាងគេ មិនថាប្រមុខដឹកនាំនោះឡើយសូម្បីតែពលរដ្ឋឥណ្ឌា ក៏មានពិធីអបអរសាទរផងដែរ ដោយអនុប្រធានាធិបតីអាមេរិក លោកស្រីហារីស មានដើមកំណើតនៅឥណ្ឌា។ ទាំងនោះជាមោទនភាពរបស់ពលរដ្ឋឥណ្ឌា៕ ដោយ សាធី
https://www.youtube.com/watch?fbclid=IwAR3CWHmnX8-m3abHEwtO_EYJRf96cscIRTgi9_X8V7nbw13NtR-ryxPSo0o&v=Rth6Itiyh8E&feature=youtu.be