ខេត្តស្វាយរៀងះ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយរវាងរថយន្តរថយន្តកុងតឺន័របើកមិនប្រកាន់ស្ដាំទៅបុករថយន្តTOYOTA PRIUS ដែលបើកបញ្រ្ចាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៣៩-១៤០ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង ២C-៨៣៨៨ មានឈ្មោះ អ៊ុយ ពៅ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ចំណែកអ្នកបើកបរបង្កហេតុគេមិនស្គាល់អត្តសញ្ញាណទេ បានរត់គេចខ្លួនពីកន្លែងកើតហេតុបន្សល់តែរថយន្តកុងតឺន័រមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣E-៥៤២៣នៅនឹងកន្លែង។
ប្រភពបន្តថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣E -៥៤២៣ បើកបរក្នុងទិសដៅពីលិចទៅកើត លើផ្លូវជាតិលេខ១មិនប្រកាន់ស្ដាំស្រាប់តែទៅបុកចំចំហៀងផ្នែកខាងឆ្វេងរថយន្ត ម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង ២C-៨៣៨៨ ដែលបើកក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិចពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ចំពោះមធ្យោបាយធ្វើដំណើររថយន្តទាំងពីរគ្រឿងសមត្ថកិច្ចបានវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបរង់ចាំចាត់ការបន្តតាមច្បាប់៕ យឹម សុថាន