តើលោកបៃឌិននឹងទូរស័ព្ទទៅកាន់មេដឹកនាំប្រទេសណាមុនគេ ក្រោយចូលកាន់តំណែង

ចែករំលែក៖

ក្រៅពីពិធីចូលកាន់តំណែងប្រធានាធិបតី ចំណុចដែលគេចាប់អារម្មណ៍នោះគឺ តើលោកបៃឌិន នឹងទូរស័ព្ទជួបជាមួយមេដឹកនាំប្រទេសណាមុនគេ។ ការជួបមុនគេមានន័យថាគឺជាអាទិភាពក្នុងនយោបាយការបរទេសរបស់លោកបៃឌិន។
តាមសេចក្តីប្រកាសរបស់សេតវិមាន ប្រធានាធិបតីថ្មី ចូ បៃឌិន នឹងទូរស័ព្ទពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau មុនគេបង្អស់ ។ នេះជាជំនួបដំបូងគេក្នុងនាមប្រធានាធិបតីអាមេរិក ។
លេខាព័ត៌មានសេតវិមានថ្មី លោកស្រី Jen Psaki បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា « ខ្ញុំជឿជាក់ថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាស្តីពីទំនាក់ទំនងកាណាដា និងអាមេរិក»។ លោកស្រី Jen Psaki បន្តទៀតថា ប្រធានាធិបតីបៃឌិននឹង ជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំបណ្តាប្រទេសដើម្បីបង្កើនសម្ពន្ធមិត្ត បង្កើនទំនុកចិត្តគ្នាឡើងវិញ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនៅលើពិភពលោក។
នៅថ្ងៃទី២០ ខែមករា ក្រោយចូលកាន់តំណែងប្រធានាធិបតី លោកបៃឌិន បានចុះហត្ថលេខា លើច្បាប់ចំនួន១៥ នៅសេតវិមាន ក្នុងនោះមានទាំងការដកហូតលិខិតអនុញ្ញាតឱ្យសាងសង់បំពង់បង្ហូរឧស្ម័ន Keystone XL ពីកាណាដាមកកាន់អាមេរិកដែលបង្កវិវាទនាពេលកន្លងមក។
លោកស្រី Psaki បានបញ្ជាក់ថា «ប្រធានាធិបតីបៃឌិន នឹងបន្តសកម្មភាពក្នុងរយៈពេល១០ថ្ងៃដំបូង ដើម្បីកែប្រែច្បាប់មួយចំនួនដែលមិនសមស្របបន្សល់ទុកពីលោកត្រាំ។
ជាមួយគ្នានេះដែរមេដឹកនាំជុំវិញពិភពលោក បានជូនពរ ប្រធានាធិបតីបៃឌិន និងអនុប្រធានាធិបតី កាម៉ាឡា ហារីស ដោយបង្ហាញក្តីសង្ឃឹមថានឹងបន្តសហការជាមួយរដ្ឋាភិបាលថ្មី និងផ្សះផ្សារាល់វិវាទដែលកើតឡើងនាពេលកន្លងមក៕ ដោយ សាធី

...

រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print