រដ្ឋាភិបាលជប៉ុនបានសម្រេចរៀបចំការប្រកួតកីឡាអូឡាំពិក តូក្យូ២០២១ (Olympic Tokyo 2021)ដូចការគ្រោងទុក ។ ការលើកឡើងខាងលើ ក្រោយពេលដែលមានព័ត៌មានផ្សាយថា ប្រទេសជប៉ុនសម្រេចលុបការប្រកួតកីឡា មួយនេះ ក្នុងកិច្ចប្រជុំសម្ងាត់របស់រដ្ឋាភិបាល។
កាលពីថ្ងៃទី២១ខែមករា សារព័ត៌មានTimes of London បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ជប៉ុនដែលបានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាលប្រទេសនេះបានឯកភាពគ្នាផ្អាកការប្រកួតកីឡាអូឡាំពិកដោយសារតែការឆ្លងរាលដាលកូវីដ-១៩កើនឡើង។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២១ខែមករា គណៈកម្មការអូឡាំពិកជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីYoshihide Suga បានប្តេជ្ញារៀបចំពិធីប្រកួតកីឡាអូឡាំពិកដូចការគ្រោងទុក។
សារព័ត៌មាន CNN បានដកស្រង់សេចក្តីប្រកាសរបស់រដ្ឋាភិបាលជប៉ុនថា « ភាគីទាំងអស់ ទាំងរដ្ឋាភិបាលជប៉ុន គណៈអភិបាលក្រុងតូក្យូ IOC និង IPC បានសម្រេចរៀបចំការប្រកួតកីឡា ដូចដើម ។ យើងសង្ឃឹមថា ការរស់នៅរបស់ពលរដ្ឋនិឹងល្អប្រសើរឡើងវិញដូចដើមក្នុងពេលឆាប់ៗខាងមុខនេះ។ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាពរៀបចំការប្រកួតកីឡាអូឡាំពិកប្រកបដោយសុវត្ថិភាព និងសន្តិសុខ ។
មានប្រសាសន៍ទៅកាន់រដ្ឋសភា កាលពីសប្តាហ៍កន្លងមក នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា កីឡាអូឡាំពិកគឺជាតំណាងនៃមនុស្សជាតិ ក្នុងការឆ្លងផុតកូវីដ-១៩ និងជាឱកាសដើម្បីជប៉ុនបង្ហាញឲ្យពិភពលោកបានដឹងពីការរីកចម្រើន ក្រោយរលកយក្សស៊ូណាមិនៅឆ្នាំ២០១១។
ការប្រកួតកីឡាអូឡាំពិកនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១ ហើយនៅពេលនេះ ប្រទេសជាច្រើននៅជុំវិញពិភពលោកបានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋជាច្រើន ទម្រាំដល់ខែ
កក្កដា ស្ថានភាពកូវីដ-១៩ និឹងគ្រប់គ្រងបាន។ បច្ចុប្បន្នការឆ្លងរាលដាលមានសញ្ញាថយចុះជាងមុនក្រោយពីមានការចាក់វ៉ាក់សាំង ដល់កម្លាំងជួរមុខ និងមនុស្សងាយរងគ្រោះបានច្រើនមកនោះ៕ដោយ សាធី