កូរ៉េខាងជើងជាប្រទេសដែលមានចំនួនពលរដ្ឋខ្វះអាហារូបត្ថម្ភច្រើនបំផុតក្នុងទ្វីបអាស៊ី។ តាមលទ្ធផលស្រាវជ្រាវរបស់អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ FAO និងកម្មវិធីស្បៀងអាហារពិភពលោក WFP បានប្រកាសឲ្យដឹងថា មានពលរដ្ឋដល់ទៅ៤៥% រស់នៅទឹកដីកូរ៉េខាងជើងខ្វះអាហារូបត្ថម្ភក្នុងដំណាក់កាលឆ្នាំ២០១៧-២០១៩។
ចំនួនពលរដ្ឋខ្វះអាហារូបត្ថម្ភនៅកូរ៉េខាងជើងខ្ពស់បំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ក្រៅពីនេះគឺប្រទេសទីម័រខាងកើត និងអាហ្វហ្គានីស្ថាន មានចំនួនពលរដ្ឋខ្វះអាហារូបត្ថម្ភចំនួន៣០ភាគរយ។
តាមរបាយការណ៍ មានកុមារកូរ៉េខាងជើងដល់ទៅ២៨,៦ភាគរយ មានអាយុចាប់ពី៦-២៣ខែ មានមានកម្រិតអាហារូបត្ថម្ភអាចទទួលយកបាន។ ក្នុងចំណោមកុមារកូរ៉េខាងជើង១០នាក់ មាន៧នាក់ មានកម្រិតអាហារប្រចាំថ្ងៃមិនគ្រប់គ្រាន់ ។
កូរ៉េខាងជើង ជាប្រទេសខ្វះស្បៀងអាហារច្រើនជាងគេ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ដោយសារតែការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចជុំវិញកម្មវិធីបរមាណូរបស់ប្រទេសនេះ ។ ជាមួយគ្នានេះគ្រោះធម្មជាតិបានរួមចំណែកធ្វើឲ្យស្ថានភាពកង្វះស្បៀងអាហារកាន់តែធ្ងន់ធ្ងរ ។
លើសពីនេះទៅទៀត ការឆ្លងរាលដាលកូវីដ-១៩ធ្វើឲ្យកូរ៉េខាងជើងកាន់តែវេទនា ដោយមិនអាចនាំចូលឧបករណ៍ វត្ថុធាតុដើមសម្រាប់វិស័យកសិកម្ម ដើម្បីចិញ្ចឹមពលរដ្ឋ២៥លាននាក់។
តាមរបាយការណ៍ស្រាវជ្រាវក្នុងឆ្នាំ២០២០ទិន្នផលកសិកម្មសរុបរបស់កូរ៉េខាងជើងមានតែ៤,៤ភាគរយប៉ុណ្ណោះ គឺថយចុះ៥,២ភាគរយ បើប្រៀបធៀបនិឹងឆ្នាំ២០១៩ ៕ ដោយ៖ សាធី