ខេត្តបន្ទាយមានជ័យ៖ ផ្ទះពលរដ្ឋពីរខ្នងត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់កាលពីវេលាម៉ោង៨:៥០នាទីព្រឹក ថ្ងៃទី២៣ខែមករាឆ្នាំ២០២១ នៅចំណុច
ផ្លូវរថភ្លេីង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ
គេឃើញលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យមានវត្តមានជាមួយកងកម្លាំងនគរបាលមូលដ្ឋានក្នុងការដឹកនាំប្រតិបត្តិការពន្លត់អគ្គិភ័យនេះដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ខេត្តចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដឹកនាំដោយលោក ប៊ុន ផេង ស្នងការរងទទួលផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យរួមជាមួយលោក វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្សដោយប្រើប្រាស់ទឹកអស់៥រថយន្ត ។
សមត្ថកិច្ចប្រាប់ថា ផ្ទះដែលអគ្គិភ័យឆាបឆេះនេះទី១-មានទំហំ ៧ម x ១២មធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី បានខូចខាតអស់ទាំងស្រុង។ ម្ចាស់ផ្ទះឈ្មោះ សូវ ង៉ូវទ្រី ភេទប្រុស អាយុ ៦៥ឆ្នាំ។
ចំណែកផ្ទះទីពីរមានទំហំ ៦មx២០ម សង់ពីថ្មផ្នែកខាងមុខ ឈេីផ្នែកខាងក្រោយ ដំបូលប្រក់ស័ង្កសី ខូចខាតអស់ទាំងស្រុង(ផ្ទះគ្មានមនុស្សរស់នៅ) ។ ម្ចាស់ផ្ទះទីពីរនេះឈ្មោះ ម៉ាន់ គឹមលាង ភេទស្រី អាយុ ៤៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា។
សមត្ថកិច្ចបន្ថែមថា មូលហេតុដែលបណ្ដាលឲ្យអគ្គិភ៏យឆាបឆេះផ្ទះនេះបើតាមការសន្និដ្ឋាន គឺបណ្តាលមកពីជនអនាថាចូលទៅរស់នៅហេីយប្រេីប្រាស់ភ្លេីងមិនមានការប្រុងប្រយ័ត្ន ព្រោះក្នុងផ្ទះគ្មានចរន្តអគ្គិសនី ទើបបណ្ដាលមានការឆាបឆេះហើយក្នុងករណីខាងលើនោះមិនបណ្ដាលឲ្យម្ចាស់ផ្ទះឬពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។
សមត្ថកិច្ចប្រាប់ថា សម្ភារក្នុងផ្ទះពុំមានទ្រព្យសម្បត្តិខូចខាតអ្វីឡេីយដោយ កម្លាំងនគរបាលនិងម្ចាស់ផ្ទះរួមគ្នាប្រមូលចេញក្តៅទាន់ពេលវេលា៕ វណ្ណា