រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានជុំវិញករណីបុរសម្នាក់ជាពលករខ្មែរ អាយុ៥៣ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យបានទទួលមរណៈភាព ក្នុងពេលធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា, នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦ នាទី ៣០នាទី ល្ងាច មានករណីបុរសម្នាក់ជាពលករខ្មែរ ភេទប្រុស អាយុ៥៣ឆ្នាំ មាន មរណៈភាព ទីលំនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។  បានទទួលដំណឹងនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឺង ដល់សាធារណៈជន ឲ្យបានជ្រាបថាបុរសជាពលករខ្មែរខាងលើ បានចូលមកប្រទេសកម្ពុជា តាមច្រកចំបក់ ស្ថិតនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបញ្ជូនបន្តមកធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័កសម្តេចឪ នៅ ម៉ោង ១១: ៥៥ នាទី ថ្ងៃត្រង់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ និងបានយកសំណាកនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ហើយទទួលបានលទ្ធផលអវិជ្ជមាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣:៥០ នាទី អ្នកគ្រប់គ្រងនៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យម្តេចឪ បានពិនិត្យ ឃើញថាបុរសខាងលើមានសភាពមិនល្អ ក៏បានបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដោយសារចុកចុងដង្ហើម និងលើស សម្ពាធឈាម។ នៅម៉ោង ១៤:១០នាទី រសៀល អ្នកជំងឺបានមកដល់មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ក្នុងស្ថានភាព ចុកចុងដង្ហើម និងសម្ពាធឈាម (១៦០/១០០ mmHg) ហើយមានប្រវត្តិជក់បារី ពិសារស្រា ប្រវត្តិលើសសម្ពាធឈាម និងជាអ្នកជំងឺលើសទម្ងន់។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តបានយកចិត្ត ទុកដាក់ព្យាបាល និងថែទាំដោយឱសថបញ្ចុះសម្ពាធឈាម និងឱសថព្យាបាលក្រពះ និងស្រាវជ្រាវរកជំងឺ ផ្សេងៗទៀតដោយបានសន្និដ្ឋានរោគវិនិច្ឆ័យជាបឋមគឺជាជំងឺដំបៅក្រពះហើយក្រុមគ្រូពេទ្យបានពិនិត្យព្យាបាល ជាបន្តបន្ទាប់លុះដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០ នាទី រសៀល ក្រុមគ្រូពេទ្យបានទៅ ពិនិត្យអ្នកជំងឺឃើញថាមានអាការៈចុកពោះ និងចុកដើមទ្រូងខ្លាំង ហើយគ្រូពេទ្យបានផ្តល់ឱសថ និងបាន រៀបចំវាស់អគ្គីសនីបេះដូង (ECG) ប៉ុន្តែអ្នកជំងឺមានអាការៈកាន់តែធ្ងន់ធ្ងរ និងធ្វើទុក្ខខ្លាំង ក្រុមគ្រូពេទ្យប្រឹងប្រែង យកចិត្តទុកដាក់សង្គ្រោះយ៉ាងខ្លាំងក្លា តែជាអកុសលអ្នកជំងឺបានស្លាប់នៅវេលាម៉ោង ១៦:៣០ នាទីល្ងាច។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនផងដែរថា ករណីបុរសជាប្រជាពលករដែលទទួលមរណភាពខាងលើ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ទេ គឺស្លាប់ដោយសារជំងឺគាំងបេះដូង (Infarctus du myocarde) ។ រដ្ឋបាលខេត្ត សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print