ខេត្តបន្ទាយមានជ័យ៖ ជនមិនស្គាល់មុខចំនួន២នាក់ដែលសុទ្ធតែជាស្ត្រី បានធ្វើសកម្មភាពលួចយកកាបូបលុយអាជីវករលក់ដូរ(អីវ៉ាន់ចាប់ហួយ)នៅផ្សារហ៊ុយឡេងកាលវេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅភូមិស្រះឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ។
លោក ប៉ិក គឹមហ៊ាក់ អធិការរង ទទួលការងារព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែមករា ឆ្នាំ២០២១ មានឈ្មោះឈឿង ប៊ុនឆុំ ភេទប្រុសអាយុ ២៦ឆ្នាំ នៅភូមិកណ្តាលខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក បានដាក់ពាក្យបណ្តឹងទៅលោកដោយប្រាប់ថានៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានជនមិនស្គាល់មុខ បានធ្វើសកម្មភាពបន្លំទិញបន្លែ លួចយកកាបូបលុយម្តាយរបស់ខ្លួនឈ្មោះ កាន់ យឹង អាយុ៦០ឆ្នាំ នៅភូមិកើតហេតុទៅបាត់។
លោកអធិការរងបានបន្តថា ក្រោយពីទទួលបានបណ្តឹង លោកបានដឹកនាំកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក ចុះទៅពិនិត្យនៅកន្លែងកើតហេតុនិងបានឆែកកាម៉ារ៉ាសុវត្ថិភាព បានឃើញមុខសញ្ញាធ្វើសកម្មភាពលួចយកកាបូបប្រាក់ប្រាកដមែន តែមើលមុខសញ្ញាមិនស្គាល់ ហើយបើនិយាយវិញតាមស្តាប់សម្លេង មិនមែនជាអ្នកភ្នំស្រុកគឺមុខសញ្ញាក្រៅស្រុក។
លោកប៉ិក គឹមហ៊ាក់ អធិការរងបានឲ្យដឹងទៀតថាករណីចោរលួចកាបូបលុយនេះ កើតឡើងប្រហែលជាតាំងពីព្រឹកព្រលឹមមកម្ល៉េះ ហើយពេលនោះម្ចាស់កាបូបមិនដឹងខ្លួនទេ លុះដល់ម៉ោង១១ព្រឹកទើបម្ចាស់ដឹងថាបាត់កាបូបលុយ ខណៈម្ចាស់រកកាបូបលុយទៅទិញអីវ៉ាន់ នៅផ្សារក្រុងសិរីសោភ័ណ្ឌ ទើបដឹងថាបាត់កាបូបប្រាក់។ក្នុងកាបូបនោះមាន៖១-ប្រាក់រៀលចំនួន៣.៦០០.០០០រៀល(បីលានប្រាំមួយសែនរៀលគត់) ,២-ប្រាក់បាតចំនួន៣៨.០០០បាត(បីម៉ឺនប្រាំបីពាន់បាត),៣-ប្រាក់ដុល្លារចំនួន១០០$(មួយរយដុល្លារ),៤-កាតគ្រីម៉ូតូចំនួន២សន្លឹក,៥-កាតគ្រីរថយន្តចំនួន១សន្លឹក ៦-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន២សន្លឹក,៧-លិខិតឆ្លងដែនចំនួន១ក្បាល,៨-ខ្សែករប្លាទីនចំនួន១ខ្សែទម្ងន់៥ជី,៩-ខ្សែដៃមាសចំនួន០១ខ្សែ ទម្ងន់០៥ជី ។បើពិនិត្យតាមកាម៉ារ៉ាសុវត្ថិភាព ឃើញមានស្ត្រីចំនួន២នាក់ អាយុប្រហែល៤០ឆ្នាំ ម្នាក់ពាក់អាវពណ៌ស ខោពណ៌កាហ្វេ ពាក់មួកស្លាបពណ៌ប្រផេះ។ រីឯម្នាក់ទៀតពាក់អាវខាងក្រៅពណ៌ខ្មៅ(Adidas) ពាក់មួកពណ៌កាហ្វេ បានមកធ្វើសកម្មភាពទិញបន្លែ ដូចជាណាំង៉ូវ ត្រកួន ត្រសក់ និងមើមខ្ទឹមស ជាដើម ។ក្នុងពេលនោះម្ចាស់កាបូបមិនបានចាប់អារម្មណ៍ព្រោះរវល់លក់ដូរ ធ្វើឲ្យជនសង្ស័យមានឱកាស ធ្វើសកម្មភាពចូលទៅក្នុងតូបលួចយកកាបូបដាក់ប្រាក់ដែលទុកក្នុងធុងក្បែរកន្លែងគាត់អង្គុយលក់យកទៅបាត់ដោយសុវត្ថិភាព ។ករណីនេះកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕ដោយ៖ វណ្ណា