ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកខណៈគេប្រទះឃើញបុរសម្នាក់បានស្លាប់ក្នុងទឹកបៀខាងលិចផ្ទះបន្ទាប់ពីកូនចៅក្រុមគ្រួសារដើររករយៈពេល៣ថ្ងៃហើយមិនឃើញ។
ហេតុការណ៍ប្រទះឃើញសពនេះគឺកើតមានឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២១ស្ថិតនៅក្នុងទឹកបៀខាងលិចផ្ទះចម្ងាយប្រមាណ១០ ម៉ែត្រក្នុងភូមិអង្គញ់ ឃុំដូង
ស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះសុខ វិត អាយុ៥២ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមស្ត្រីជាប្រពន្ធមានឈ្មោះព្រុំ ចាន់ណា អាយុ៤៨ឆ្នាំ មុខរបរកសិករ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ខែមករាឆ្នាំ២០២១ខ្លួនគាត់បានសុំប្ដីទៅដេកកំដរម្ដាយឈឺ ដែលមានផ្ទះនៅឆ្ងាយពីគ្នាប្រមាណ៣០០ម៉ែត្រដោយឱ្យប្ដីនៅដេកផ្ទះតែម្នាក់ឯង។
ប្រភពបន្តថា លុះព្រឹកឡើងគាត់ជាប្រពន្ធបានត្រលប់មកពីផ្ទះម្ដាយវិញស្រាប់តែបាត់មិនឃើញប្ដី ទើបគាត់និងក្រុមគ្រួសារបាននាំគ្នាស្វះស្វែងដើរតាមរក តែរកមិនឃើញ និងបានរាយការណ៍ជូនលោកមេភូមិឲ្យជួយធ្វើអន្តរាគមន៍ផងដែរ។
ក្រោយមកគាត់បានដើររករហូតដល់ម៉ោង៦ព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២១ស្រាប់តែប្រទះឃើញសាកសពប្ដីអណ្ដែតនៅក្នុងទឹកបៀខាងលិចផ្ទះចម្ងាយ១០ ម៉ែត្រក្នុងបរិវេណរបងផ្ទះរបស់ខ្លួនទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
បើតាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើនេះគឺតែងតែផឹកស្រាជាប្រចាំ មិនតែប៉ុណ្ណោះបុរសនេះក៏មានជំងឺឆ្កួតជ្រូកផងដែរ។
តាមការពិនិត្យសាកសពរបស់ សមត្ថកិច្ចស្រុករួមចាមួយនគរបាលប៉ុស្តិ៍និងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុករមាសហែកគឺសន្និដ្ឋានថា សាកសពនេះគឺស្លាប់ដោយសារលង់ទឹកបៀប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន