បើទោះបីរដ្ឋាភិបាលហ្វុីលីពីន មិនទាន់អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវិដ-១៩ក្តី ក៏ប៉ុន្តែ វ៉ាក់សាំងនាំចូលពីចិនបានលក់នៅលើទីផ្សារងងឹតជាច្រើនក្នុងប្រទេសនេះ។
ហ្វុីលីពីនមានអ្នកឆ្លងកូវីដ-១៩ កើនឡើងជាងកន្លះលាននាក់ ធ្វើឲ្យរដ្ឋាភិបាលទីក្រុងម៉ានីលទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីការយឺតយ៉ាវក្នុងដំណើរការចាក់វ៉ាក់សាំង ។ ប៉ុន្តែពលរដ្ឋហ្វុីលីពីនជាច្រើនបានចាក់វ៉ាក់សាំងរួចរាល់ទាំងម្ជុលទីមួយនិងទីពីរ ហើយវ៉ាក់សាំងនោះនាំចូលពីប្រទេសចិនលក់នៅលើទីផ្សារងងឹត។ ហ្វុីលីពីនមានពលរដ្ឋចិន រស់នៅជាច្រើន ហើយពលរដ្ឋចិនបានទិញវ៉ាក់សាំងផលិតក្នុងប្រទេសចិនមកចាក់បង្ការ។
នាងJesse ស្ត្រីហ្វុីលីពីនធ្វើការនៅក្រុមហ៊ុនកាស៊ីណូ បានរៀបរាប់ឲ្យដឹងថា កាលពីចុងខែធ្នូ នាងទទួលបានសារពីមិត្តភក្តិស្តីពីមិត្តរួមការងារជាជនជាតិចិនចាក់វ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន។ អ្នកដែលបានចាក់រួចគឺត្រូវពាក់អាវដៃវែងដើម្បីបិទបាំងកន្លែងចាក់ ហើយត្រូវរក្សាការសម្ងាត់ មិនត្រូវនិយាយប្រាប់បុគ្គលិកផ្សេងទៀតឡើយ។
មកទល់ពេលនេះរដ្ឋាភិបាលហ្វុីលីពីននៅមិនទាន់អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នៅឡើយទេ ។ តាមគម្រោងនៅដើមខែកុម្ភៈឆ្នាំ២០២១ទើបអនុម័ត ក្រោយទទួលបានវ៉ាក់សាំងជាផ្លូវការដំបូងពីប្រទេសចិន។
ការនាំចូលវ៉ាក់សាំង និងចាក់វ៉ាក់សាំងដែលមិនទាន់អនុញ្ញាតគឺជារឿងខុសច្បាប់ ប៉ុន្តែដោយសារតម្រូវការរបស់ពលករអ្នកធ្វើការមកពីប្រទេសចិនធ្វើការនៅក្នុងក្រុមហ៊ុនចិន ទើបមានទីផ្សារវ៉ាក់សាំងងងឹតលក់នៅលើទីផ្សារជាច្រើន។ វ៉ាក់សាំងដែលលក់នៅលើទីផ្សារងងឹតមានតម្លៃចាប់ពី២០០-៣០០ ដុល្លារសម្រាប់ពីរដូស គឺខ្ពស់ជាង១០ដងពីតម្លៃដើមដែលមានតែ៣០ ដុល្លារប៉ុណ្ណោះ ។
លោកស្រីTeresita Ang-See ប្រធានក្រុមដំណើរការសន្តិភាពនិងសណ្តាប់ធ្នាប់ ជាអង្គការតាមដានបទល្មើសបានឲ្យដឹងថា មានពលរដ្ឋចិនរស់នៅហ្វុីលីពីនប្រមាណ១សែននាក់បានចាក់វ៉ាក់សាំង រួចរាល់ ទាំងលើកទីមួយនិងទីពីរ៕ដោយ សាធី
រូបភាព៖ AP