ធ្លាក់យន្តហោះដឹកប្រធានក្លិបនិងកីឡាករ​៤នាក់ស្លាប់ទាំងអស់

ចែករំលែក៖

មានករណីគ្រោះថ្នាក់​យន្តហោះ សម្លាប់ប្រធានក្លិបបាល់ទាត់Palmas និងកីឡាករ​៤រូបផ្សេងទៀត​។ ក្លិបនេះប្រកួតនៅក្នុងក្របខ័ណ្ឌសេរី ឌី នៅប្រទេសប្រេស៊ីល។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅព្រឹកថ្ងៃទី ២៤ខែមករា (ពេលវេលាក្នុងតំបន់) ។ ប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយហោះហើរចេញពីអាកាសយានដ្ឋាន​ Lusimanges យន្តហោះក៏បានធ្លាក់ចូលក្នុងព្រៃ​ បណ្តាលឲ្យមនុស្សនៅលើយន្តហោះទាំង​៦នាក់ស្លាប់​ ក្នុងនោះមានអាកាសយានិកម្នាក់ ឈ្មោះWagner និងសមាជិកក្លិប​បាលទាត់ Palmas ក្នុងនោះមាន ប្រធានក្លិបលោកLucas Meira, អ្នកចាំទី Ranule ,ខ្សែការពារ​ពីរនាក់ គឺPraxedes, Guilherme Noe និងខ្សែប្រយុទ្ធម្នាក់គឺ Marcus Molinari ។
តាមប្រភពព័ត៌មានពីមន្ត្រីក្នុងតំបន់បានឲ្យដឹងថា យន្តហោះបានឆេះខ្ទេច ហើយមនុស្ស៦នាក់ស្លាប់ ​។ ប្រធានក្លិប លោក Lucas Meira បានជួលយន្តហោះដើម្បីធ្វើដំណើរទៅកាន់ទីក្រុងGoinaia ចូលរួមការប្រកួតក្របខ័ណ្ឌសេរី ឌី ជួបជាមួយក្រុម Vila Nova នៅថ្ងៃទី២៥ខែមករា​។
កាលពីឆ្នាំ​២០១៦ វិស័យបាល់ទាត់នៅតំបន់អាមេរិកខាងត្បូង​​ ធ្លាប់ឆ្លងកាត់ការឈឺចាប់ដោយសារតែការធ្លាក់យន្តហោះសម្លាប់​មនុស្ស ៧១នាក់ ក្នុងនោះជាកីឡាករក្នុងក្លិបChapecoense របស់ប្រេស៊ីល ពេលធ្វើដំណើរទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Sudamericana ​ជួបជាមួយក្លិបAtlético Nacional ។ គ្រោះថ្នាក់នោះបានក្លាយជាសោកនាដកម្មធំបំផុតសម្រាប់វិស័យបាលទាត់ ៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print