ប្រធានសហព័ន្ធតេក្វាន់ដូ WT៖ វគ្គបណ្តុះបណ្តាលបង្កើតធនធានមនុស្ស ដើម្បីគោលដៅធំចំពោះមុខ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានចាត់ទុកថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT កម្រិតមូលដ្ឋាន និងថ្នាក់ជាតិ ឆ្នាំ២០២០ គឺជាការបណ្តុះបណ្តាលធនធានគ្រូបង្វឹកឲ្យកាន់តែមានគុណភាព ដើម្បីគោលដៅធំចំពោះមុខ គឺឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់ លោកបណ្ឌិតសភាចារ្យ នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលថ្នាក់ និងថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ម្សិលមិញ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោកប្រធានសហព័ន្ធតេក្វាន់ដូ WT បង្ហាញការកោតសរសើរកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសជាតិ-អន្តរជាតិ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT កម្រិតមូលដ្ឋាន និងថ្នាក់ជាតិឆ្នាំ២០២០ ដើម្បីយកទៅបង្ហាត់ដល់ប្អូនៗកីឡាករ-កីឡាការិនី នៅតាមបណ្តាលក្លិបឲ្យមានគុណភាពស្តង់ដាអាចប្រកួតប្រជែងបាន ដែលសកម្មភាពនេះ ជាការរួមចំណែក ក្នុងការផ្សព្វផ្សាយ និងជួយលើកកម្ពស់វិស័យកីឡាតេក្វាន់ដូWT នៅកម្ពុជាបន្តការរីកចម្រើនទៅមុខបន្ថែមទៀត ពិសេសកុមារ និងយុវជន តាមរយៈការចូលរួមហ្វឹកហាត់កីឡាជាប្រចាំ ដើម្បីបញ្ចៀសពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ជាងនេះទៅទៀត គឺកីឡានាំមកនូវ សុខភាព មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ ដោយសារភាពរីកចម្រើនទាំងអស់នេះហើយ ទើបកីឡាតេក្វាន់ដូ WT កំពុងបន្តដំណើរអភិវឌ្ឍជាបណ្តើរៗដូចសព្វថ្ងៃនេះ ហើយគោលដៅធំចំពោះមុខ គឺឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងឆ្នាំបន្តបន្ទាប់។

លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធបានឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចំនួន៣០ជាគ្រូបង្វឹកដែលមកពីក្លិបតាមបណ្តាលខេត្តនានាមកពី៧រាជធានី-ខេត្ត ដូចជាខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តមណ្ឌលគីរី ខេត្តកណ្តាល ខេត្តសៀបរាប និងរាជធានីភ្នំពេញ ដែលសិក្សារយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១បានបញ្ចប់ជាស្ថាពរហើយ។ វគ្គនេះប្រព្រឹត្តទៅដោយការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះវគ្គបណ្តុះបណ្តាលនេះមានគ្រូឧទ្ទេសចំនួន៦នាក់ គឺលោកគ្រូជនជាតិកូរ៉េខាងត្បូង Cheon Samyeong លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ លោកគ្រូលី ស៊ុនរដ្ឋា លោក ប៉ាន់ ខេមរា លោក ទួន សាវុធ និងលោក ជាតិ ខេមរា៕

    

...

ប្រភព៖ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print