ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពេលគេឮសំឡេងស្រែកទ្រហោយំពីសំណាក់ម្ដាយដែលស្រែកប្រាប់ថាកូនស្រីរបស់ខ្លួនលង់ទឹកស្លាប់ ហើយភ្លាមៗនោះអ្នកភូមិក៏នាំគ្នាចុះស្រង់និងលើកដាក់លើគោកធ្វើចលនាដៃជើងជួយសង្គ្រោះតែអកុសលហួសពេលទៅហើយ។ គ្រោះថ្នាក់ដែលនាំឱ្យកុមារីលង់ទឺកស្លាប់នេះគឺបន្ទាប់ពីនាងដើរតាមម្ដាយពីក្រោយហើយរអិលជើងធ្លាក់ចូលទឹកស្រះទើបលង់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២១ស្ថិតនៅភូមិត្រពាំងស្ដៅ ឃុំត្រពាំងស្ដៅ ស្រុករមាសហែកខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះរុន ស្រីណែត អាយុ
៣ឆ្នាំ រស់នៅភូមិត្រពាំងស្ដៅ ឃុំត្រពាំង
ស្ដៅ ស្រុករមាសហែក។
បើតាមស្ត្រីជាម្ដាយបានប្រាប់សមត្ថកិច្ចថានេះជាការធ្វេសប្រហែសរបស់គាត់ទើបធ្វើឱ្យកូនស្រីស្លាប់បែបនេះដោយសារប្រញាប់ទៅទិញទឹកកកហើយមិនដឹងថាកូនដើរតាមក្រោយ ស្រាប់តែត្រលប់មកផ្ទះវិញ ឃើញកូនស្រីលង់ទឹកស្រះទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើយហេតុសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្ត៏និងគ្រូពេទ្យបានមកពិនិត្យសពហើយសន្និដ្ឋានថា កុមារីនេះស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន ទើបប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន