បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសស្រាលខណៈដែលជិះម៉ូតូបម្រុងបត់ឆ្លងផ្លូវត្រូវបានរថយន្តម៉ាកហាយឡេនឌ័របុកពីក្រោយពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី ២៦ ខែមករាឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក suzuki vivaធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងបម្រុងបត់ឆ្វេងស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-4884 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីខាងក្រោយបុកពេញទំហឹងបណ្តាលឲ្យស្ត្រីជាអ្នកបើកបរម៉ូតូរងរបួសស្រាល ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កយល់ព្រមសងប្រាក់ចំនួន ៣០០ដុល្លារទៅឱ្យភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយនិន សុភ័ស្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print