ខេត្តកំពង់ចាម ៖ ករណីឃាតករយកកាំបិតកាប់ជនរងគ្រោះជាច្រើនកាំបិតពេលចេញពីហូបការកាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ពោលគឺ២ថ្ងៃមុន ពេលនេះដោយមានការស្រាវជ្រាវ និងយកចិត្តទុកដាក់ នៅវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី២៥ ខែមករា ២០២១ កម្លាំងជំនាញសមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់បានហេីយ ។
ក្រោយឃាត់ខ្លួននិងបញ្ចប់ការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាបងជីដូនមួយនេះពិតប្រាកដមែន ។ ជនសង្ស័យបញ្ជាក់ប្រាប់មូលហេតុថា ជារឿងគំនុំពីរថ្ងៃ ជាមួយភ្ញៀវខាងកូនកំលោះ ប៉ុន្តែកាប់ច្រឡំមនុស្ស ។ ក្នុងនោះសមត្ថកិច្ចចាប់យកដាវចំនួន០១ ដែលជាវត្ថុតាង។
គួររំលឹកថា ករណីឃាតកម្មបានកើតឡើង នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ឌឿន តូច អាយុ៣១ឆ្នាំ មានទីលំនៅនៅភូមិ-ឃុំកើតហេតុខាងលើ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ការកាប់ប្រហារទៅលើជនរងគ្រោះនេះ បន្ទាប់ពីជនរងគ្រោះដើរចេញពីរោងការមួយកន្លែងទៅយកម៉ូតូ ដែលផ្ញើទុកនៅនឹងផ្ទះពលរដ្ឋនៅខាងត្បូងរោងការ ដោយដើរតាមផ្លូវលំបានប្រហែល៧០ម៉ែត្រ បម្រុងទៅយកម៉ូតូជិះត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនល្មើសលបកាប់នឹងកាំបិតចំត្រង់កន្លែងដូចជា របួសផ្នែកមុខជាច្រើនកាំបិត ត្រូវកំភួនដៃ និងដាច់កដៃខាងឆ្វេង ស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ក្រោយធ្វើសកម្មភាព ជនដៃដល់បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ចំពោះករណីនេះ បន្ទាប់ពីបានទទួលបានពត៌មានពីអធិការនគរបាលស្រុកបាធាយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់ឲ្យវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ដឹកនាំកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត សហការជាមួយ កម្លាំងជំនាញស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសណ្ដែក ចុះដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់។ ទេីបនៅវេលាម៉ោង៨:៣០នាទី យប់ ថ្ងៃទី២៥ មករា ២០២១ម្សិលមិញនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនដៃដល់ទទួលបានជោគជ័យ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបាធាយ តាមបទបញ្ជារបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងកំពុងចងក្រងសំណុំរឿងតាមនីតិវិធី ៕វណ្ណៈ