ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី២០ ម្ចាស់ភ្ញៀវទាំង៤ក្រុមដូចជា Man City, Arsenal, Leed United, West Ham សុទ្ធតែទទួលបានលទ្ធផលល្អទាំងអស់ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះរៀងៗខ្លួន។ នេះបើយោងតាមលទ្ធផលរបស់ soccerway និងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី២៧ មករានេះ។
ក្រុមមេឃខៀវ Manchester City បានបំបាក់ក្រុមម្ចាស់ផ្ទះWest Brom ក្នុងលទ្ធផល៥ទល់០ ដែលធ្វើឲ្យក្រុមខ្លាំងមួយនេះឡើងឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន១ប្រកួតនៅក្នុងដៃទៀត។ ជ័យជម្នះនេះបើសិនជា Man City បន្តទម្រង់លេខល្អបែបនេះអាចនឹងបន្តឈរកំពូលតារាង និងឈានដល់ការឈ្នះពានជាមិនខាន។
៥គ្រាន់របស់ក្រុមភ្ញៀវ Man City រកបានដោយកីឡាករ Gündoğan ២គ្រាប់, João Cancelo ១គ្រាប់ Mahrez ១គ្រាប់ និង Sterling ១គ្រាប់ នៅនាទីទី៦, នាទីទី២០, នាទីទី៣០, នាទីទី៤៥ និងនាទីទី៥៧។ ជ័យជម្នះនេះធ្វើឲ្យក្រុម Man City ទទួលបាន៤១ពិន្ទុ ក្នុង១៩ប្រកួត ឈ្នះក្រុម Man United ១ពិន្ទុ ។
ក្រុមភ្ញៀវមួយទៀតគឺកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមម្ចាស់ផ្ទះ Southampton ក្នុងលទ្ធផល៣ទល់១ ដែល១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Armstrong នៅនាទីទី៣។ ចំណែក៣គ្រាប់របស់ក្រុមកាំភ្លើងធំរកបានដោយកីឡាករ Pépé ១គ្រាប់, Saka ១គ្រាប់ និង Lacazette ១គ្រាប់ នៅនាទីទី៨, នាទីទី៣៩ និងនាទីទី៧២។
លទ្ធផលនេះធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal ហក់មកឡើងឈរចំណាត់ថ្នាក់លេខ៨មាន៣០ពិន្ទុ ក្នុង២០ប្រកួត ខណៈដែលក្រុម Southampton ឈរចំណាត់ថ្នាក់លេខ១១ មាន២៩ពិន្ទុ ក្នុង១៩ប្រកួត។
ចំណែកក្រុមភ្ញៀវ Leed United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle United ក្នុងលទ្ធផល២ទល់១ដែល២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Raphinha នៅនាទីទី១៧ និង១គ្រាប់ទៀតរកបានដោយកីឡាករ Harrison នៅនាទីទី៦១។ ចំណែក១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Almirón នៅនាទីទី៥៧។ លទ្ធផលនេះធ្វើឲ្យក្រុម Leed United ទទួលបាន៣ពិន្ទុឈរចំណាត់ថ្នាក់លេខ១២មាន២៦ពិន្ទុ ខណៈដែលក្រុម Newcastle United ឈរចំណាត់ថ្នាក់លេខ១៦ មាន១៩ពិន្ទុ កៀកនឹងក្រុមដែលត្រូវកាត់ចោល។
ដោយឡែកក្រុមភ្ញៀវមួយទៀតគឺក្រុម West Ham United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ក្នុងលទ្ធផល៣ទល់២យ៉ាងប្រផិតប្រផើយ។ ការប្រកួតនេះគឺចាប់ផ្តើមលេងបានតែ៣នាទីប៉ុណ្ណោះ កីឡាករ Zaha របស់ Crystal Palace រកបាន១គ្រាប់នាំមុខ ប៉ុន្តែត្រូវក្រុមភ្ញៀវ West Ham រកបាន៣គ្រាប់សងវិញដោយកីឡាករ Souček ២គ្រាប់ និងកីឡាករ Dawson ១គ្រាប់(តង់ទី២)។ ចំណែក១គ្រាប់ទៀតរបស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Batshuayi នៅនាទីទី៩០+៧ក្នុងម៉ោងបន្ថែម។
លទ្ធផលនេះធ្វើឲ្យក្រុមភ្ញៀវ West Ham ទទួលបាន៣ពិន្ទុឈរក្នុងក្រុមកំពូលតារាងទាំង៤ ក្នុងចំណាត់ថ្នាក់លេខ៤ មាន៣៥ពិន្ទុ ក្នុង២០ប្រកួតកន្លងមក។ ចំណែកក្រុមម្ចាស់ផ្ទះ Crystal Palace បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៣មាន២៣ពិន្ទុ ក្នុង២០ប្រកួតដូចគ្នា ៕
ដោយ៖ភារៈ