ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសថា នឹងបង្កើនចំនួនវ៉ាក់សាំងនៅតាមទីតាំងនានាទូទាំងប្រទេសឡើងដល់១០លានដូស ក្នុងមួយសប្តាហ៍ ដើម្បីបំពេញតម្រូវការចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់ ។ ប្រធានាធិបតី បៃឌិន បានកំណត់គោលដៅទិញវ៉ាក់សាំងកូវីដ១៩ បន្ថែម ២០០លានដូស សរុបមាន៦០០លានដូស សម្រាប់ចាក់ជូនពលរដ្ឋឲ្យបានគ្រប់គ្រាន់នៅរដូវក្តៅ ឆ្នាំ២០២១។ កន្លងមក រដ្ឋាភិបាលអាមេរិក បានកំណត់គោលដៅ ទិញវ៉ាក់សាំង៤០០លានដូស សម្រាប់ចាក់ពីម្ជុល មានគម្លាត់១សប្តាហ៍ជូនពលរដ្ឋ ។ ជាមួយវ៉ាក់សាំងទិញបន្ថែម នឹងចាក់ជូនពលរដ្ឋជាង ៣៣០លាននាក់ក្នុងរយៈពេលខាងមុខ។ ចំណុចខាងលើនិងបង្កើនទំនុកចិត្តដល់ពលរដ្ឋ ទៅលើប្រធានាធិបតីបៃឌិន។ មានប្រសាសន៍នៅសេតវិមានលោកបៃឌិន ប្រកាសថានឹងបង្កើនចំនួនវ៉ាក់សាំងនៅតាមទីតាំងពី៨,៦លានដូសឡើងដល់១០លានដូសក្នុងរយៈពេល៣សប្តាហ៍ខាងមុខ។ ការបង្កើនចំនួនវ៉ាក់សាំង ក្រោយពេលមានករណីឆ្លងកូវីដ១៩ កើនឡើងក្នុងទឹកដីអាមេរិក ។ គិតមកដល់ព្រឹកថ្ងៃទី២៧ ខែមករា(ពេលវេលានៅកម្ពុជា)អាមេរិកមានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ទៅជាង២៦លានានក់ហើយ និងស្លាប់ជាង៤៣៥ពាន់នាក់។ ជាមួយគ្នានោះក៏មានអ្នកព្យាបាលជាសះស្បើយកើនឡើងដល់ទៅជាង១៥,៧លាននាក់ផងដែរ។ ចំណែកនៅលើពិភពលោកវិញ មានអ្នកឆ្លងកើនឡើងជាង១០០លាននាក់ហើយ និងស្លាប់ជាង២,១លាននាក់ ។ ជាមួយគ្នានោះក៏មានអ្នកជំងឺជាង៧២លាននាក់បានព្យាបាលជាសះស្បើយផងដែរ៕ដោយ៖ធី រីណា
(រូបភាព៖Reuters)