ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងបានពិនិត្យ និងពិភាក្សាបញ្ចប់លើជំពូកទី០២ នៃសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមអង្គភាពនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានបញ្ចប់លើជំពូកទី០២ ស្ដីពីបញ្ជីអត្រានុកូលដ្ឋាន ក្រោមអធិបតីភាពលោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការចូលរួម លោក ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី២ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ក៏បានលើកឡើងថា ក្រុមការងារបញ្ចប់កិច្ចពិភាក្សាគ្នា លើជំពូកទី០២ ស្ដីពីបញ្ជីអត្រានុកូលដ្ឋាន ។លោកជំទាវ នឹងធ្វើរបាយការណ៍មួយ ដើម្បីរាយការណ៍គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជ្រាប និងមានមតិដឹកនាំដ៏ខ្ពស់ខ្ពស់។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន១២ជំពូក និង១៦៩មាត្រា។ ដែលមានគោលបំណងដូចជា ៖

ទី១-ធានាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។

ទី២-ធានាឲ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។

ទី៣-ធានាថា ការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។

ទី៤-ធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល។

និងទី៥-ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។

ជាងនេះទៅទៀត ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋានស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ មានចំនួន២៥លើក៕

               

...

ដោយ ៖  សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print