លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមបានរុញច្រានមនុស្សជាច្រើន ឱ្យចាកចេញពីភាពក្រីក្រ និងភាពងាយរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩-២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារភ្នំពេញ។

ថ្លែងក្នុងឱកាសបិទសន្និបាតនេះ លោកស្រីសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍ និងអ្វីៗទាំងអស់របស់កម្ពុជា ឈរលើមូលដ្ឋានសន្តិភាពទើបកម្ពុជា អាចងើបឈរឡើងវិញដោយខ្លួនឯង ហើយបាននិងកំពុងបោះជំហានទៅមុខលើវិថីអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ស្ថានភាពស្រ្តី និងសមភាពយេនឌ័រ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ ហើយកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ក៏បានរុញច្រានមនុស្សជាច្រើន ឱ្យចាក ចេញពីភាពក្រីក្រ និងងាយរងគ្រោះ។

លោកស្រីសង្គហបណ្ឌិត បានបន្តទៀតថា ដូចបណ្តាប្រទេសដទៃដែរ កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើន ប្រកបដោយភាពម៉ឺងម៉ាត់ និងហ្មត់ចត់ ដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិនេះ។ ជាក់ស្តែងទោះបី កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ករណីនេះភាគច្រើនប្រភេទនាំចូល និងគ្មានអ្នកណាម្នាក់ស្លាប់នោះឡើយ។ កម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អ និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា ឱ្យស្ថិតក្នុងរង្វង់ដែលអាចគ្រប់គ្រងបាន តាមរយៈ វិធានការចាំបាច់ខាងផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់។

វិធានការណ៍របស់រដ្ឋាភិបាលកម្ពុជាចំពោះជំងឺកូវីដ-១៩កន្លងមកនេះ ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ថា ជាអភិក្រមដ៏មាន ប្រសិទ្ធភាពទូទាំងអន្តរក្រសួង-ស្ថាប័ន និងសង្គម ជាតិទាំងមូល និងអមជាមួយវិធានការផ្នែកសង្គម-សេដ្ឋកិច្ច។ នៅក្នុងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងវិបត្តិកូវីដ-១៩កន្លងមក បានឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ ពិសេស តាមរយៈគោលនយោបាយជាតិគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទាន ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលយល់ច្បាស់ថា ការគាំទ្រ និងឆ្លើយតបនឹងតម្រូវការនិងតួនាទីរបស់ស្រ្តី នៅក្នុងបរិការណ៍អំឡុង និងក្រោយវិបត្តិកូវីដ-១៩ ជាកិច្ចការអាទិភាព ក្នុងលក្ខខណ្ឌសង្គមផង និងជាសក្តានុពល សម្រាប់ការវិនិយោគ ដ៏វៃឆ្លាតនៅក្នុងការស្តារ និងពន្លឿនកំណើនសេដ្ឋ កិច្ច-សង្គមក្រោយវិបត្តិផង ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា នេះគឺជាពេលវេលាដែលយើងត្រូវរួមគ្នា ក្នុងការស្វែងរកវិធីសាស្ត្រនានា ដោយប្រែក្លាយបញ្ហាឱ្យទៅជាកាលានុវត្តភាពថ្មីៗ ក៏ដូចជាប្រើប្រាស់មូលដ្ឋានដែលមានស្រាប់ ដើម្បីកសាងភាពធន់ និងសមត្ថភាពឆ្លើយតបនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ ក៏ដូចជាការប្រែប្រួលនានាផ្សេងទៀតក្នុងសង្គម និងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print