ក្រោយពេលក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីដូណាល់ ត្រាំ វាយប្រហារវិមានរដ្ឋសភាកាលពីថ្ងៃទី៦ ខែមករាមក ពលរដ្ឋដែលគាំទ្រគណបក្សសាធារណរដ្ឋជាង ៣ម៉ឺននាក់បានចាកចេញពីគណបក្ស។ តាមសារព័ត៌មានThe Hill បានផ្សាយថា តួលេខ៣ម៉ឺននាក់ចាកចេញពីគណបក្សសាធារណរដ្ឋ គឺជាចំនួនតិចនៅឡើយទេ តួលេខពិតគឺមានច្រើនរាប់សិបដង។ នេះគ្រាន់តែជាតួលេខនៅក្នុងរដ្ឋមួយចំនួនតែប៉ុណ្ណោះ ។ នៅអាមេរិក ពលរដ្ឋផ្លាស់ប្តូរការគាំទ្រគណបក្សមិនមែនជារឿងថ្មីនោះឡើយ ប៉ុន្តែការឈប់គាំទ្រ គណបក្សសាធារណរដ្ឋកើតឡើងនៅដើមឆ្នាំ២០២១ ក្រោយពេលមានអំពើហិង្សាកើតឡើងនៅវិមានរដ្ឋសភា ។ តាមតួលេខពីរដ្ឋ Pennsylvania ក្នុងរយៈពេល២៥ថ្ងៃដើមឆ្នាំ២០២១មានអ្នកគាំទ្រគណបក្សសាធារណរដ្ឋ១ម៉ឺននាក់បានបោះបង់គណបក្សសាធារណរដ្ឋ។ នៅរដ្ឋ Corolina ខាងជើងមានអ្នកគាំទ្រ៦ពាន់នាក់ចាកចេញពីបក្ស ចំណែកនៅរដ្ឋ Arizona មាន៥ពាន់នាក់ និងរដ្ឋផ្សេងៗទៀតជាច្រើន ។ ក្រៅពីអ្នកគាំទ្រនៅមានសមាជិកបក្សសាធារណរដ្ឋជាច្រើន ក៏បានបោះបង់គណបក្សសាធារណរដ្ឋផងដែរ។ អំពើហិង្សានៅវិមានកាពីតូល កាលពីថ្ងៃទី៦ខែមករាធ្វើឲ្យកក្រើកអាមេរិក និងធ្វើឲ្យពិភពលោកតក់ស្លុតយ៉ាងខ្លាំង ។ អំពើហិង្សានោះក៏មានចំណែកចូលរួមពីសមាជិកគណបក្សមួយចំនួនផងដែរ ក្នុងនោះមានទាំងប្រធានាធិបតីដូណាល់ ត្រាំ ។ ទាំងនោះហើយទើបក្រុមអ្នកគាំទ្រ និងសមាជិកបក្សសាធារណរដ្ឋ បានសម្រេចបោះបង់គណបក្សរបស់ខ្លួនដែលធ្លាប់គាំទ្រ។ ជាមួយគ្នានេះដែរព្រឹទ្ធសភាអាមេរិក នឹងកាត់ទោសលោកត្រាំនៅថ្ងៃទី ៨ខែកុម្ភៈ ពីបទញុះញង់ឲ្យមានអំពើហិង្សានៅវិមានរដ្ឋសភា ៕ ដោយ សាធី
រូបភាព៖Getty