ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជួបប្រជុំជាមួយគណៈកម្មការទី២ នៃរដ្ឋសភា ដឹកនាំដោយលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ព្រមទាំងគណៈប្រតិភូអមដំណើរ បានចុះបំពេញបេសកកម្មសិក្សានៅខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់ វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានារបស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោក អនុប្រធាន លោកស្រី លេខាធិការ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មការ និងឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង លោក អ៊ុក សារ៉ាវុធ អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករដ្ឋបាល ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធផងដែរ៕
ដោយ, សិលា