ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញបន្តគាំទ្រកិច្ចសហប្រតិបត្តិការជានិច្ចចំពោះអ្នកវិនិ យោគទាំងផ្នែកសន្ដិសុខ សុវត្ថិភាព និងប្រសិទ្ធភាព ដែលមករកស៊ីនៅកម្ពជា ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្ដែងការគាំទ្របែបនេះ ខណៈដែលលោកទទួលជួបលោកផាកហ៊ីងឃ្យុង(H.E. Ph.D.Park Heung Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជាដែលបានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អជាមួយសាធារណរដ្ឋកូរ៉េ ដោយបានធ្វើឲ្យមានការអភិវឌ្ឍរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ ។
លោកអភិបាលរាជធានីភ្នំពេញក៏បានលើកឡើងដែរថា រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនដែលជាស្ថាបនិកសន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជារួចផុតពីសង្គ្រាម ហើយនាំមកនូវសន្តិភាពពេញបរិបូណ៌និងបានកសាងប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។
លោកផាកហ៊ីងឃ្យុង(H.E. Ph.D.Park Heung Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ក៏បានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយគាំទ្រចំពោះក្រុមហ៊ុនច្នៃបំលែងសំរាមដែលបានធ្វើការសិក្សាជាយូរមកហើយនោះធ្វើការវិនិយោគនៅពេលដេញថ្លៃបានច្បាប់អនុញ្ញាតវិនិយោគ ហើយសូមឱ្យរដ្ឋបាលរាជធានីភ្នំពេញចូលរួមសហការផងដែរ។
ក្នុងឱកាសនោះ អភិបាលរាជធានីភ្នំពេញក៏បានគាំទ្រសហការ និងជំរុញលើកទឹកចិត្តចំពោះការបណ្តាក់ទុនវិនិយោគធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់ គ្រប់ប្រភេទ ព្រមទាំងបានបើកទូលាយសម្រាប់ការវិនិយោគ និងផ្តល់ទំនុកចិត្ត ខ្ពស់ជូនដល់ធុរជននិងសហគ្រិនទាំងអស់ស្របតាមក្របខ័ណ្ឌរបស់ប្រទេសដើម្បីជំរុញវឌ្ឍនភាពសង្គម ៕ សំរិត