ខេត្តកណ្ដាល៖ បុរសម្នាក់ខណៈផឹកស្រាស្រវឹងពុំដឹងជាមានមូលហេតុអ្វីទេបានយកកាំបិតកាប់ទៅលើដៃគូរបស់ខ្លួនដែលអង្គុយផឹកជាមួយគ្នា ជាច្រើនកាំបិត បណ្ដាលឲ្យ រង របួសធ្ងន់ រួចហើយក៏រត់គេចខ្លួនបាត់ស្រមោល។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទីនៅចំណុចរោងចាំចម្ការមួយកន្លែងស្ថិតក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសុខ ប៊ុនយ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(របួសធ្ធន់)។ ចំណែកជនសង្ស័យឈ្មោះសារ៉ាយ សុខរ៉េន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល(គេចខ្លួន)។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុវេលាម៉ោង៩ព្រឹក ជនសង្ស័យ បានសុំប្រាក់ម្តាយរបស់ខ្លួនចំនួន៥០០, ០០០រៀលដើម្បីយកទៅទិញម៉ាសុីនបូម
ទឹកដាក់ដំណាំ។ លុះដល់វេលាម៉ោងប្រហែល១០ព្រឹកជនសង្ស័យនិងជនរងគ្រោះបានយកម៉ាសុីនបូមទឹកនោះមកទុកនៅផ្ទះរបស់ខ្លួន រួចហើយជនសង្ស័យក៏បបួលជនរងគ្រោះទៅរោងចម្ការរបស់ខ្លួន និងហៅបក្ខពួកម្នាក់ផ្សេងទៀតទៅរោងចម្ការដែរ ហើយក៏នាំគ្នាទិញស្រាបៀរផឹក រហូតដល់វេលាម៉ោង១៨និង៣០នាទីពុំដឹងជាមានមូលហេតុអ្វីទេក៏ស្រាប់តែជនសង្ស័យបានយកកាំបិតកាប់ទៅលើជនរងគ្រោះពីខាងក្រោយជាច្រើនកាំបិតខណៈកំពុងអង្គុយផឹកបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ។ បន្ទាប់ពីកាប់ជនរងគ្រោះរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ចំណែកជន រងគ្រោះ ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពតាលន់។
ករណីនេះកម្លាំងផ្នែកជំនាញ ស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល តាលន់.កំពុងកសាងសំណុំរឿងនិងស្វែងរកមុខសញ្ញាជនសង្ស័យដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ