ភ្នំពេញ៖ អាចចាត់ទុកជាប្រវត្តិសាស្ត្រនៅលើវិស័យកញ្ញាឯកនៅកម្ពុជា និងស្ទើតែគួរឲ្យជឿសោះថាតំណែងកញ្ញាឯក និងកញ្ញាឯករង Miss Grand Cambodia 2020 ត្រូវបានផលិតកម្មគ្រប់គ្រងធ្វើការដកតំណែងពួកគេជាបន្តបន្ទាប់មុនក្រោយគ្នាត្រឹមតែមួយថ្ងៃ។ ការដកតំណែងនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចចចារវាងក្រុមហ៊ុនផលិតកម្មមហាហង្ស និងកញ្ញាឯក សេង រដ្ឋា និងកញ្ញាឯរងទី១កញ្ញា លឹម សុធាវី នៅតែបន្តខ្វែងគំនិតគ្នាលើការចេញទៅប្រកួតនៅក្រៅប្រទេស។
ករណីនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងលើអ្នកតាមដានវិស័យកញ្ញាឯក ។ យោងទៅតាមគណនីហ្វេសប៊ុកផ្លូវការរបស់កម្មវីធី Miss Grand Cambodia បានបញ្ជាក់កាលពីរាត្រីថ្ងៃទី២៩ខែមករានេះថាក្រោយពីភាគីខាងក្រុមហ៊ុនបានជួបកិច្ចពិភាក្សាជាមួយនិងភាគីខាង កញ្ញាលឹម សុធាវីរួចមក គឺកញ្ញាបានបដិសេដ មិនព្រមទទួលតំណែងបន្តជាកញ្ញាឯក Miss Grand Cambodia 2020 តាមការស្នើររបស់ក្រុមហ៊ុន ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិគឺ Miss Grand International 2020 ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងបាងកកដើមខែមិនា ឆ្នាំ២០២១ខាងមុខនោះទេ ដូចនេះ “ក្រុមហ៊ុនបានសម្រេចបញ្ចប់ កុងត្រាជាមួយកញ្ញាលឹម សុធាវី និងកំណត់សម្រេចដកហូតតំណែងលំដាប់រងទី១កញ្ញាឯក 1st Runner Up Miss Grand Cambodia 2020 ជាផ្លូវការចាប់ពីពេលនេះតទៅ” សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញាលឹម សុធាវី។
នៅក្នុងកិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យានេះដែរក៏បានបញ្ជាក់អំពីការយល់ព្រមមិនទទួលយកប្រាក់រង្វាន់ និងអត្ថប្រយោជន៍ពីក្រុមហ៊ុន ការប្រគល់មង្កុដ ឈៀង និងពានលីភីជូនទៅផលិតកម្មវិញផងដែរ រួមទាំងការបញ្ចប់ការបង្ហោះសារលើបណ្តាញសង្គមដែលនាំឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរគ្នាទៅវិញទៅមកផងដែរ។
លេចចេញមតិចម្រូងចម្រាសជាច្រើនជុំវិញដំណឹងខាងលើនេះ ទោះជាយ៉ាងណាគេក៏នៅតែបន្តរងចាំមើលផងដែរថាតើវាសនារបស់កញ្ញាឯករងលំដាប់ទី២កញ្ញា លីវ ជីលី នឹងត្រូវបានដកតំណែងដែរឬយ៉ាងណា ខណៈដែលការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិជាផ្លុវការនឹងចាប់ផ្តើមធ្វើនៅប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ និងវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១នេះផងដែរ៕ វឌ្ឍនា