នៅថ្ងៃទី៣១ខែមករា កូរ៉េខាងត្បូង បានអំពាវនាវដល់អាមេរិក និងអង្គការសហប្រជាជាតិជួយគាំទ្រច្បាប់ហាមបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ។ អភិបាលខេត្តGyeonggi លោក Lee Jae-myung បានផ្ញើលិខិតទៅកាន់រដ្ឋសភាអាមេរិក និងអង្គការសហប្រជាជាតិដោយស្នើចេញច្បាប់ឈប់បង្ហោះសារប្រឆាំងកូរ៉េខាងជើង។ ការឈប់បង្ហោះខិត្តប័ណ្ណគឺជាការរក្សាសន្តិសុខជូនពលរដ្ឋនៅក្នុងខេត្តតាមព្រំដែន។
ប៉ុន្តែសហគមន៍អន្តរជាតិ ក្នុងនោះមានទាំងតំណាងរាស្ត្រអាមេរិក និងក្រុមសកម្មជនសិទ្ធិមនុស្ស បានបង្ហាញក្តីបារម្ភពីការអនុម័តច្បាប់ខាងលើ នឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ ក៏ដូចជាការផ្តល់ព័ត៌មានពីខាងក្រៅទៅកាន់កូរ៉េខាងជើង។
ជាមួយគ្នានេះអភិបាលខេត្តGyeonggi លោក Lee Jae-myung បានលើកឡើងថា ច្បាប់ខាងលើនឹងជួយការពារសុវត្ថិភាពដល់ពលរដ្ឋ ។ សកម្មភាពខាងលើនេះ អាចនឹងធ្វើឲ្យទំនាក់ទំនងកូរ៉េទាំងពីរកាន់តែប្រសើរឡើង។
កាលពីឆ្នាំ២០២០ សភាកូរ៉េខាងត្បូង ក៏បានអនុម័តច្បាប់ហាមប្រាមបង្ហោះខិត្តប័ណ្ណទៅកាន់កូរ៉េខាងជើង។ ការបង្ហោះខិត្តប័ណ្ណ ជាមួយមូលហេតុបណ្តាលឲ្យប្រទេសទាំងពីរ ប្រឈមមុខតានតឹងដាក់គ្នា ៕ ដោយ សាធី
រូបភាព៖ ibtimes.co.uk