មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមបោះឆ្នោតគាំទ្រលោក ង្វៀន ភូត្រុង ជាអគ្គលេខាធិការបក្សកុម្មុយនីស្ដអាណត្តិទី​៣​

ចែករំលែក៖

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី​១៣​ បានឈានដល់ដំណាក់កាលបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមជ្ឈិមអាណត្តិថ្មី ក្នុងនោះអគ្គលេខាបក្ស លោក ង្វៀន ភូត្រុង ជាប់ឆ្នោតអាណត្តិទី​៣ជាបន្តទៀត។
លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ជាប្រធានាធិបតីវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តនៅថ្ងៃអាទិត្យនេះ។ លោកត្រូវបានគណបក្សកុម្មុយនីស្ដវៀតណាម ផ្ដល់សេចក្ដីទុកចិត្តដោយបោះឆ្នោតគាំទ្ររូបលោកឱ្យបន្តកាន់តំណែងជា «អគ្គលេខាធិការបក្ស» សម្រាប់អាណត្តិទី៣ជាប់ៗគ្នា (មួយអាណត្តិមានរយៈពេល៥ឆ្នាំ)។
ការបោះឆ្នោតខាងលើធ្វើឡើងក្នុងអំឡុងសមាជបក្សកុម្មុយនីស្ដវៀតណាម ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ​ ក្នុងទីក្រុងហាណូយ ជាទីដែលប្រតិភូបក្ស ១,៦០០នាក់មកពីទូទាំងប្រទេសចូលរួម ដើម្បីបោះឆ្នោតជ្រើសថ្នាក់ដឹកនាំថ្មីនៃគណបក្ស, រដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវផែនការសេដ្ឋកិច្ច និងគោលនយោបាយនានា។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Vietnam News Agency (VNA) បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖
«សមមិត្ត ង្វៀន ភូត្រុង បានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមនៅអាណត្តិទី១៣នេះ»។
គួរបញ្ជាក់ថា ការបោះឆ្នោតឱ្យលោក ង្វៀន ភូត្រុង មានអាយុ៧៦ឆ្នាំបន្តកាន់តំណែងជាអគ្គលេខាធិការបក្ស ធ្វើឡើងក្រោមការលើកលែងពិសេសមួយ ដែលកំណត់ថា អ្នកមានអាយុ៦៥ឆ្នាំឡើងត្រូវតែចូលនិវត្តន៍។ លោក ង្វៀន ភូត្រុង បានជាប់ឆ្នោតជាអគ្គលេខាធិការបក្ស២លើករួចមកហើយ គឺកាលពីឆ្នាំ២០១១ និងឆ្នាំ២០១៦៕ ដោយ៖ ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print