អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing បានឡើងកាន់អំណាចដឹកនាំប្រទេស ក្រោយពេលធ្វើរដ្ឋប្រហារ ហើយប្រធានាធិបតីត្រូវបានចាប់ខ្លួន ព្រមទាំងលោកស្រីអង់សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ។ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោមច្បាប់អាជ្ញាសឹក ក្នុងរយៈពេល១ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសនេះត្រូវបិទទាំងអស់ទាំងបណ្តាញ អុីនធើណេត លើកលែងតែ ទូរទស្សន៍ ក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានមីយ៉ាន់ម៉ា ។ អគ្គមេបញ្ជាការ Min Aung Hlaing ឡើងកាន់តំណែងដឹកនាំប្រទេសក្នុងរយៈពេល១ឆ្នាំនៃច្បាប់អាជ្ញាសឹក។ កម្លាំងទាហានជាច្រើនបានដាក់ពង្រាយការពារនៅទីក្រុងធំៗក្នុងប្រទេសនេះ ពិសេសក្នុងរដ្ឋធានី Naypyitaw ។ រដ្ឋប្រហារខាងលើគឺពាក់ព័ន្ធនិឹងការបោះឆ្នោតមិនមានតម្លាភាព។ កាលពីសប្តាហ៍កន្លងមក អ្នកនាំពាក្យកម្លាំងទាហាន មីយ៉ាន់ម៉ា លោកZaw Min Tun បានបញ្ជាក់ថា អគ្គមេបញ្ជាការ ដែលជាបុគ្គលមានឥទ្ធិពលបំផុត ក្នុងប្រទេសនេះ បានលើកឡើងថា ការបោះឆ្នោតមិនមានតម្លាភាព មិនយុត្តិធម៌។ នៅពេលនេះគឺគេមិនទាន់ដឹងថា លោកស្រី អង់សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលទាហានចាប់ខ្លួន ស្ថិតនៅទីកន្លែងណានោះឡើយ។ ការចាប់ខ្លួនលោកស្រីអង់សាន ស៊ូជី គឺនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១ខែកុម្ភៈឆ្នាំ ២០២១។ សកម្មភាពខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំង ខ្លាចមីយ៉ាន់ម៉ា ធ្លាក់នៅក្នុងគន្លងចាស់ ដឹកនាំដោយកម្លាំងយោធា និងការធ្វើបាតុកម្ម បង្ហូរឈាមជាច្រើនទៀតដូចអតីតកាល៕
រូបភាព៖AFP