ខេត្តកំពង់ស្ពឺ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ចំណងមិត្តភាព មិត្តភាពកម្ពុជា-ចិន បានបង្ហាញពិភពលោកនូវមិត្តភាពពិត រវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស ហើយនឹងប្រែក្លាយជាកេរ្តិរ៍តំណែលមួយនៃការកសាងសហគមន៍មួយ វាសនាមួយ ទៅថ្ងៃអនាគត សម្រាប់មនុស្សជាតិដែលនឹងត្រូវបន្តទៅរាប់រយពាន់ឆ្នាំ។
ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីលានហ្វឹកហាត់ចម្រុះ និងការសម្តែងលំហាត់ទាំង៧ ជំនាញរបស់និស្សិតនាយទាហានកងទ័ពជើងគោក ជំនាន់ទី៩ នៅវិទ្យាស្ថានកងទ័ពជើងគោក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅព្រឹកថ្ងៃទី01 ខែកុម្ភះឆ្នាំ 2021 នៅថ្លុកតាសេកឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសសើរចំពោះអនុព័ន្ធយោធាចិន ប្រចាំកម្ពុជា ទីប្រឹក្សាយោធា ក្រុមបច្ចេកទេសចិន ប្រចាំវិទ្យាស្ថានកងទ័ពជើងគោក ដែលបានសហការល្អ ជាមួយកងយោធពលខេមរភូមិន្ទ តាមរយៈការជួយឧបត្ថម្ភគាំទ្រជាច្រើន ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី សម្ភារៈ និថវិកាជួយកសាងហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានកងទ័ពជើងគោក តាំងពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ននេះ។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា បានបន្តថា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុង២ទស្សវត្សចុងក្រោយនេះ បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការវិវត្តឥតឈប់ឈរ បានធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន មានការរីកចម្រើនគួរឱ្យគត់សម្គាល់ ក្នុងនោះកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពទាំងពីរ ត្រូវបានបន្តពង្រឹង ពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់ «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្តល់ប្រយោជន៍ឱ្យគ្នា «លើមូលដ្ឋានឈ្នះឈ្នះ និងសហវិជ្ជមាន» ដែលមិនអាចបបំបែកកាត់ផ្តាច់បានឡើយ ដូចថ្នាក់ដឹកនាំប្រទេសទាំងបានលើកឡើងថា «មិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏យូរអង្វែង កម្ពុជា-ចិន គឺជាសម្បត្តិដ៏មានតម្លៃរួមរវាងប្រជាជនយើងទាំងពីរកម្ពុជា-ចិន»។
សូមជម្រាបជូនថា ជំនួយរបស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិនផ្ដល់ឲ្យចំពោះវិទ្យាស្ថានទ័ពជើងគោកដែលសម្រេចបាននូវសមិទ្ធផលរមាន
អគារស្នាក់នៅរបស់សិក្ខាកាមចំនួនពីអគារកំពស់ 4 ជាន់ , អាគារផ្ទះបាយសិក្ខាកាម ១អាគារ កំពស់២ជាន់, អាគារការិយាល័យធ្វើការរបស់នាយទាហានគ្រប់គ្រងវគ្គចំនួន ១ អគារ កម្ពស់ 2 ជាន់ , អាគារសម្រាប់ភ្ញៀវរបស់វិទ្យាស្ថានទ័ពជើងគោក ចំនួន១ កំពស់ 4 ជាន់រួមមាន 80 បន្ទប់, អាគារដាក់រថយន្តនិងគ្រឿងសព្វាវុធ ១ អាគារ ទំហំ បណ្ដោយ 307 ម៉ែត្រ ទទឹង 17,50 ម៉ែត្រ, ឃ្លាំងដាក់អាវុធ និងគ្រាប់ ចំនួន ១ អាគារ, អាងទឹកកម្ពស់ 50 ម៉ែត្រចំណុះ 300 ម៉ែត្រគូប និងអាគារចម្រោះទឹកស្អាតបំពាក់ដោយប្រព័ន្ធសូឡា 100kva ចំនួន ១ អាគារ៕សូរិយា