ភ្នំពេញ៖ ទោះបីជាបាត់តំណែងជាម្ចាស់មកុដកញ្ញា Miss Grand Cambodia 2020 ក្តី ក៏ពេលនេះដំណឹងនៃការគ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តភាគថ្មីមួយបានធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលជាខ្លាំង។ ការបញ្ជាក់នេះគឺមុនមួយថ្ងៃប៉ុណ្ណោះនៃប្រកាសផ្ទេរតំណែងម្ចាស់មកុដទៅឲ្យកញ្ញា លីវ ជីលី ដែលជាបេក្ខនារីរងលំដាប់ទី២នោះ។
បើតាមការបង្ហោះនៅលើគណនីហ្វេស
ប៊ុកផ្លូវការរបស់តារាសម្តែងលោកសាវិន ហ្វីលីព បានបញ្ជាក់ថា ខ្សែភាពយន្តភាគថ្មីរឿង “ បាបស្នេហ៍អតីត” នឹងធ្វើពិធីក្រុងពាលីនៅថ្ងៃស្អែកទី៣ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង៧ព្រឹកនៅផលិតកម្ម Ad Music ។ក្នុងសំណេរដដែលនេះបានបញ្ជាក់ដែរថា កញ្ញា សេង រដ្ឋា ទទួលបានតំណែងថ្មីជាតួឯកស្រី, ហើយលោកនឹងសម្ដែងជាឳពុករបស់លោក ឃឹម ហ្សានីត ដែលនឹងសម្ដែងជាតួឯកប្រុស។
តារារូបនេះបញ្ជាក់ផងដែរថា នៅមានសិល្បករជាច្រើនទៀតចូលរួមសម្តែងក្នុងខ្សែភាពយន្តភាគប្រមាណ៤៥ភាគ ហើយក្នុងនោះលោកក៏សម្តែងជាមួយតារាសម្តែងស្រីអ្នកនាង រតនា ដែលជាតួអង្គភរិយាលោកផងដែរ។
គេចាំបានដែរថា កញ្ញា សេង រដ្ឋា អតីត ម្ចាស់មកុដ Miss Grand Cambodia 2020 បានសម្រេចចិត្តបោះបង់តំណែង និងយល់ព្រមឲ្យផលិតកម្មដកតំណែងជាកញ្ញ្ញាឯកក្រោយពីលេចចេញភាពចម្រូងចម្រាសមួយចំនួនជាមួយក្រុមហ៊ុន។ ទោះជាយ៉ាងណាប៉ុន្មានថ្ងៃមុនពេលនៃការប្រកាសដកតំណែងមកដល់ គេបានឃើញនាងបង្ហាញសមត្ថភាពសិល្បៈមួយចំនួន រួមទាំងការហ្វឹកហាត់ដើរបង្ហាញម៉ូដ និងការគ្រងឈុតសម្លៀកបំពាក់ប្រណីតមួយចំនួនគួរឲ្យទាក់ទាញ។ ការលេចមុខក្នុងប្រវត្តិជាអ្នកសម្តែងលើកដំបូងនឹងក្លាយជារបត់ថ្មីសម្រាប់តារាស្រីរូបនេះលេចមុខក្នុងវិស័យសិល្បៈទី៧មួយនេះ ហើយក៏ជាការបើកផ្លូវបន្តទៅកាន់ភាពជោគជ័យ និងអាចបំពេញចិត្តអ្នកគាំទ្រនាងផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា នេះគឺជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រនាងអមដោយសារអបអរសាទរជាច្រើនចំពោះតំណែងថ្មីមិនគួរឲ្យជឿ និងជាអ្វីដែលអ្នកគាំទ្រនាងចង់បាន ព្រោះតែការរបូតតំណែងចេញទៅប្រកួតនៅក្រៅប្រទេសបានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនខកចិត្តខ្លាំងនោះ។ ស្នាដៃសម្តែងដំបូងក្នុងតំណែងតួឯកនេះក៏ត្រូវបានគេរំពឹងថានឹងជួយលើកមុខមាត់នាងក្នុងវិស័យសម្តែង បើទោះបីជាបទពិសោធន៍សម្តែងនាងនៅក្មេងខ្ចីក៏ដោយ ប៉ុន្តែជាឱកាសក្នុងការលើកមុខមាត់ និងហ្វឹកហាត់សមត្ថភាពបន្ថែមលើវិស័យសិល្បៈមួយនេះ ហើយគេរំពឹងថានាងនិឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕
វឌ្ឍនា