ស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រែប្រួលយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីយោធាធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួនលោកស្រីអង់សាន ស៊ូជី និងប្រធានាធិបតី។
ចាប់តាំងពីច្បាប់អាជ្ញាសឹកបានអនុវត្តកាលពីថ្ងៃទី ១ខែកុម្ភៈ មេដឹកនាំនៅជុំវិញពិភពលោក បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ក្រោយអ្នកនយោបាយជាន់ខ្ពស់ជាច្រើនត្រូវបានចាប់ខ្លួន ។
នៅទីក្រុង Yangon ទីក្រុងណៃពីដោ និងទីក្រុងនានាក្នុងប្រទេសនេះ ធ្លាក់ក្នុងស្ថានភាពស្ងប់ស្ងាត់បំផុត ចរាចរណ៍នៅតាមផ្លូវថ្នល់ក៏ស្ងាត់ឈឹង ដោយពលរដ្ឋមិនហ៊ានធ្វើដំណើរចេញទៅខាងក្រៅ ។
រាល់ជើងហោះហើរនៅក្នុងប្រទេសនេះត្រូវបិទផ្អាក ហើយអាកាសយានដ្ឋានត្រូវបិទទ្វាររហូតដល់ខែឧសភា។ លោកPhone Myint មន្ត្រីគ្រប់គ្រងអាកាសយានដ្ឋាន នៅទីក្រុងYangon បានឲ្យដឹងថា ការបិទអាកាសយានដ្ឋានមិនទាន់កំណត់ពេលវេលាត្រូវបើកនៅឡើយទេ។
ជាមួយគ្នានេះដែរ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា ការធ្វើរដ្ឋប្រហារដណ្ដើមអំណាចពី រដ្ឋាភិបាលរបស់លោកស្រី អង់សាន ស៊ូជី គឺជារឿងដែលចៀសមិនរួច។
យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានចាប់ឃុំខ្លួនលោកស្រី អង់សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃរដ្ឋាភិបាលរបស់លោកស្រី ហើយប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ដែលនេះបានធ្វើឱ្យមីយ៉ាន់ម៉ាត្រលប់ទៅរករបបដឹកនាំយោធាវិញ ក្រោយ១០ឆ្នាំបន្ទាប់ពីបានស្គាល់រសជាតិប្រជាធិបតេយ្យ។ អគ្គមេបញ្ជាការយោធារូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីមានសំណើជាច្រើន រឿងមួយនេះ (ការធ្វើរដ្ឋប្រហារ) គឺជារឿងមិនអាចជៀសរួចសម្រាប់ប្រទេស… ហើយនេះជាមូលហេតុដែលយើងត្រូវតែជ្រើសរើសធ្វើបែបនេះ…»៕ ដោយ សាធី
រូបភាព៖ daidoanket