អន្តរជាតិ៖ នារីភូមាម្នាក់ នៅពេលនាងកំពុងរាំធ្វើលំហាត់ប្រាណ ដោយមានថតវិដេអូជាប្រចាំតាមចង្វាក់បទភ្លេងរបស់នាង ដោយមិនដឹងថា ថតជាប់កងទ័ពកំពុងធ្វើរដ្ឋប្រហារ នៅពីខាងក្រោយខ្នងរបស់នាងនោះឡេីយ។ ស្រាប់តែថ្មីៗនេះឃ្លីបវីដេអូគួរឲ្យភ្ញាក់ផ្អើលមួយ បានលេចចេញពីប្រទេសមីយ៉ាន់ម៉ា ដែលបង្ហាញពីពេលដែលយោធាកំពុងធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាល ត្រូវបានថតជាប់ដោយចៃដន្យទៅវិញ។
ជាក់ស្តែងបេីយោងតាមរយៈវីដេអូឃ្លីបខាងលេីនេះ បានបង្ហាញពីនាង Khing Hnin Wai កំពុងរាំ ធ្វើលំហាត់ប្រាណ ដើម្បីសម្រួលដល់រាងកាយតាមតន្ត្រី ខណៈរថពាសដែក និងទាហាន បានបិទផ្លូវ នៅពីក្រោយនាង មុនពេលក្បួនរថយន្តប៉ូលីស និងរថយន្តយោធា ឆ្ពោះទៅកាន់សភា ។
សូមជម្រាបថា នាង Khing Hnin Wai ជាគ្រូបង្រៀនហ្វឹកហាត់រាងកាយ រស់នៅក្នុងរដ្ឋធានីណៃពិដោ បានថតវីដេអូ នៅខាងក្រៅអគារសភា របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី០១ កុម្ភៈ ២០២១ ដោយមិនបានដឹងថា រដ្ឋាភិបាលត្រូវបានផ្តួលរំលំ និងកងទ័ពកំពុងធ្វើរដ្ឋប្រហារ នៅពីខាងក្រោយខ្នងរបស់នាងឡើយ ។
ក្រោយមកនារីភូមារូបនេះ បានបង្ហោះវីដេអូខាងលេី ទៅក្នុងទំព័រហ្វេសប៊ុករបស់នាង ដែលនាងតែងតែបង្ហោះវីដេអូ បង្រៀនរាំ ដើម្បីចែករំលែកដល់អ្នកគាំទ្ររបស់នាង ដោយមិនចាប់អារម្មណ៍នោះទេ។ ខណៈពេលដែលអ្នកប្រើប្រាស់អ៉ីនធេីណេតមួយចំនួន បានហៅវីដេអូនេះថា ជាការក្លែងបន្លំឲ្យមើលទៅដូចជាការពិត ។ ប៉ុន្តែបន្ទាប់ពីមានមតិថា ជាវីដេអូក្លែងបន្លំ រូបនាងបានពន្យល់ថា កន្លងមក រូបនាងបានប្រើប្រាស់អគារសភា ជាទីកន្លែងសម្រាប់ថតវីដេអូ បង្រៀនរាំហាត់ប្រាណ អស់រយៈពេល១១ខែ មកហើយ ។
នាង Wai បានលើកឡើងថា នៅក្នុងការបង្ហោះនោះនាងដឹងថា មានអ្វីមួយកំពុងកើតឡើងនៅពីក្រោយខ្នងនាង ប៉ុន្តែនាងមិនប្រាកដទេ ទើបតែដឹងអត្ថន័យច្បាស់ថាមានរដ្ឋប្រហារ នៅពេលដែលនាងចាក់មើលឡើងវិញនៅពេលក្រោយប៉ុណ្ណោះ ។
ដោយឡែកជុំវិញករណីនេះដែរអ្នកខ្លះ បានចង្អុលបង្ហាញថា បទចម្រៀងដែលនាងកំពុងរាំ គឺហៅថា AMPUN BANG JAGO ដែលជាឃ្លាឥណ្ឌូនេស៊ី ជារឿយៗត្រូវបានគេប្រើ ដើម្បីចំអកដល់មេដឹកនាំយោធាណា ដែលក្រអឺតក្រទម ។
ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គម បានលើកឡើងទៀតថា នាង Wai ប្រហែលជាសង្ស័យអ្វីដែលកំពុងកើតឡើងហើយ ទើបនាងរាំធ្វើលំហាត់ប្រាណ ជាមួយជម្រើសបទមួយនេះ។ ប៉ុន្តែនាង បានបដិសេធយ៉ាងដាច់ខាត ចំពោះការលើកឡើងនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយនាងអះអាងថា រូបនាងមិនបានបង្ហោះវីដេអូ ជាការសើចចំអក ឬដើម្បីក្លាយជាតារាល្បីនោះទេ ។
ជាមួយគ្នានេះ គ្រូបង្រៀនហ្វឹកហាត់រាងកាយរូបនេះ បានបញ្ជាក់បន្ថែមទៀតថា “ខ្ញុំបានបង្ហោះវីដេអូនេះ ពីព្រោះខ្ញុំគិតតែពីជំនួញផ្ទាល់ខ្លួនប៉ុណ្ណោះ” ។
សូមរម្លឹកដែរថា បន្ទាប់ពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទទី១ កុម្ភៈ បានចាប់ឃុំខ្លួន លោកស្រី អោងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា ហើយអំណាចទាំងអស់ត្រូវបានផ្ទេរឲ្យទៅ លោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing) ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ០១ឆ្នាំ។
ដោយឡែកបើតាមការអះអាងពីយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា ការធ្វើបែបនេះគឺឆ្លើយតបចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការបោះឆ្នោតគ្មានតម្លាភាពកាលពីខែវិច្ឆិកា ឆ្នាំ២០២០៕ដោយ៖សហការី
https://youtu.be/ZRp0UCvUxGQ