ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ័អាស៊ានលើកទី២៤ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលរៀបចំ និងដឹកនាំដោយ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធាននៃកិច្ចប្រជុំបានបញ្ជាក់ថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានគាំទ្រនិងអនុម័តសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីវិស័យទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់កាន់តែប្រសើរ ការផ្តួចផ្តើម និងរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា ។
សេចក្តីថ្លែងការណ៍នេះផ្តោតលើចំណុចសំខាន់ចំនួន៣រួមមាន៖
១. រួមគ្នាដោះស្រាយផលប៉ះពាល់វិបត្តកូវីដ-១៩៖ ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរម៉ួតក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីរៀបចំអភិវឌ្ឍន៍ទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ តាមរយៈការរៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ។
២.វិស័យទេសចរណ៍អាស៊ានកាន់តែប្រសើរឡើងនៅពេលអនាគត៖ ការអភិវឌ្ឍទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ ដោយផ្តោតសំខាន់លើការបង្កើតឱកាសការងារ ការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម MSME ព្រមទាំងទ្រទ្រង់ដល់ក្រុមជនងាយរងគ្រោះផងដែរ។
៣.អភិវឌ្ឍជំនាញទេសចរណ៍ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល៖ ផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍តាមរយៈការបណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មី ជាពិសេសជំនាញឌីជីថល នវានវត្តន៍ និងសហគ្រិនភាព សម្រាប់អ្នកជំនាញទេសចរណ៍នៅបច្ចុប្បន្ន និងពេលអនាគតដែលជាកត្តាមួយដ៏ចម្បងសម្រាប់ការអភិវឌ្ឍទេសចរ ណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់នៅអនាគត។
ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យតំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ២៦ លាននាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ កន្លងទៅ ពោលគឺមានការធ្លាក់ចុះក្នុងអត្រា ៨០.៥ ភាគរយ។ ស្ថិតិនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
ជាការឆ្លើយតប នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានទាំងអស់បានឯកភាពគ្នាអនុម័ត លើសកម្មភាពការងាររស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្នុងផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ ដំណាក់កាលទី២។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៣៣ លាននាក់ កើនឡើង ៧ ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ៕
ដោយ៖ សូរិយា