ខេត្តកណ្ដាល៖ លោកផ្កាយមួយឈ្មោះ ហេង គាហុង ជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង ដែលដកកាំភ្លើងវាយក្បាលសន្តិសុខបណ្ដាលឲ្យរងរបួសបែកក្បាលសន្លប់កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នោះ ត្រូវបានលោក.ថោងផល្លារង្សី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាលចេញដីកាដោះលែងឲ្យមានសេរីភាពវិញហើយកាលពីចុងខែមករា.ឆ្នាំ២០២១នេះ ក្រោយពីឃុំខ្លួនមិនបាន១ខែផង។
គួររំឮកថា កាលពីថ្ងៃកើតហេតុ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១.មូលហេតុដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង។ បន្ទាប់ពីមានរឿងហេតុកើតឡើង កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះឃាត់ខ្លួនលោក ហេង.គាហុងនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
សូមបញ្ជាក់ថា, យ៉ាងណាមិញ ជុំវិញករណីអំពើហិង្សាដែលបង្កដោយមន្ដ្រីយោធាពាក់ផ្កាយមួយនេះ ត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគាត់ទទូចឲ្យស្ថាប័នមានសមត្ថកិច្ច មេត្ដាផ្ដន្ទាទោសតាមផ្លូវច្បាប់ចំពោះជនបង្កឲ្យបានម៉ឹងម៉ាត់ ព្រោះករណីនេះមិនគួរឲ្យកើតមានទាល់តែសោះនៅក្នុងសង្គម។
ប្រភពគួរឱ្យជឿទុកចិត្តបញ្ជាក់ថា, លោកផ្កាយ ១ ហេង គាហុងផង ជាម្ចាស់គ្លីនិកខាងលើផង ជាប្អូនថ្លៃថ្នាក់ដឹកនាំមួយរូបទៀតផង។ ដែលមតិមួយចំនួនបានលើកឡើងថា, តើស្ថាប័នតុលាការអាចចាត់ការក្នុងរឿងនេះ ផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងលុបបំបាត់និទណ្ឌភាពនៃការប្រព្រឹត្តបទល្មើសក្នុងសង្គមបានទេ បន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌កសាងសំណុំរឿងបញ្ជូនទៅតុលាការនោះ។
រហូតមកដល់ប៉ុន្មានថ្ងៃចុងខែមករា ឆ្នាំ២០២១ នេះ បែជាលោក ថោង.ផល្លារង្សី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ដោះលែងលោកផ្កាយមួយ ហេង.គាហុង ឲ្យមានសេរីភាពវិញ.ខណៈដែលប្រជាពលរដ្ឋរង់ចាំ មើលពីវិធានការអនុវត្តច្បាប់ទៅលើជនបង្ក និងសរសើរចំពោះចំណាត់ការរបស់នគរបាលស្រុកអង្គស្នួលខេត្តកណ្ដាល ដែលបានឃាត់ខ្លួនជនបង្កទាន់ពេលវេលាកាលពីនៅថ្ងៃកើតហេតុ៕
ដោយ៖ សិលា