ខេត្តកំពង់ឆ្នាំង៖ ក្រុមអ្នករកស៊ីល្មើសនេសាទមួយក្រុមដែលយកអាំងវិចទ័រឆក់ត្រីនៅកន្លែងហ៊ុំសម្រាស់ ត្រូវបានសមត្ថកិច្ចចម្រុះមួយក្រុមព័ទ្ធចាប់បាន ក្នុងពេលដែលក្រុមនេសាទទាំងនេះបានធ្វើសកម្មភាពឆក់ត្រីយ៉ាងអណាធិបតេយ្យតាមដងទន្លេ ។
ការឃាត់ចាប់អ្នកឆក់ត្រីនេះគឺធ្វើឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចបឹងភ្លង ក្នុងភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៥នាក់ដែលធ្វើការឃាត់ខ្លួនេះទី១.ឈ្មោះ ស៊ីម គឿន អាយុ៣៤ ឆ្នាំ ជាម្ចាស់សម្រាស់ ទី២.ឈ្មោះស៊ីម វណ្ណៈ អាយុៈ៣១ឆ្នាំ ទី៣.ឈ្មោះវ៉ាន់ សុខា អាយុ២៥ឆ្នាំ ទី៤.ឈ្មោះ ឈន ឆូយ អាយុ៤៤ឆ្នាំ និង៥.ឈ្មោះ សួ អឿន អាយុ២៥ ឆ្នាំ ទាំង៥នាក់ មានទីលំនៅភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគិរី ។ វត្ថុតាងដែលរឹបអូសបានមាន៖ អាំងវិចទ័រឆក់ត្រី២គ្រឿង អាគុយ១ អួន១វង់ គោយន្តកន្ត្រៃ១គ្រឿង និងត្រីជិត ១០០គីឡូក្រាម ។
សមត្ថកិច្ចបានអោយដឹងថា ក្រុមជនសង្ស័យដែលចូលលួចធ្វើសកម្មភាពឆក់ត្រី នៅទីតាំងដែលមានសម្រាស់ ក្រោយពីធ្វើសកម្មភាពមានប្រជាពលរដ្ឋរាយការទៅកម្លាំងសហគមន៍ ហើយសហគមន៍បានសុំអន្តរាគមន៍ពីកម្លាំងចម្រុះមានជំនាញជលផល ប៉ូលីស យោធា ក៍បានស្ទាក់ចាប់បានក្រុមជនសង្ស័យទាំងនេះតែម្តង ។
ក្រោយពេលឃាត់ខ្លួនហើយសមត្ថកិច្ចមូលដ្ឋានបញ្ជូនជនសង្ស័យមកខណ្ឌរដ្ឋបាលជលផល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយ៖ ចន្ថា