ភ្នំពេញ៖ នាវេលាម៉ោង ៣ រសៀលថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២១ និងពិធីប្រកាសតែងតាំង និងការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការក្រោមឱវាទក្រសួងផងដែរ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការក្រោមឱវាទក្រសួង ភ្ញៀវជាតិ និងអន្តរជាតិ។
ជាបឋមលោកពុំ សុថា ដែលទើបទទួលមុខតំណែងថ្មីជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានធ្វើការប្តេជ្ញាចិត្តថានឹងខិតខំយកអស់កំលាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ចំណេះដឹង និងបទពិសោធន៍មកដឹកនាំ និងគ្រប់គ្រងរដ្ឋបាលជលផលឲ្យបានល្អ ស្របតាមគោលនយោបាយនៃការអភិវឌ្ឍវិស័យជលផលរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល និងជាពិសេសអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានណែនាំឲ្យប្រជាពលរដ្ឋ ជាពិសេសក្រសួងឲ្យខិតខំជំរុញ និងលើកទឹកចិត្តបងប្អូនប្រជាកសិករពង្រឹងភាពម្ចាស់ការក្នុងការផលិត ដើម្បីធានាសន្តិសុខស្បៀង ផ្គត់ផ្គង់តម្រូវការទីផ្សារ បង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែបជាលក្ខណគ្រួសារ ក្នុងអំឡុងនៃការរីករាយដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ ក្នុងពេលតែមួយលោកក៏បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបផងដែរអំពីសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលជលផលសម្រេចបានក្នុងឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តនៅឆ្នាំ២០២១ នេះ។
នាឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងខ្លួនលោកផ្ទាល់លោករដ្ឋមន្ត្រីបានសម្តែងនូវបីតិ
សោមនស្ស និងអបអរសាទរចំពោះមន្ត្រីទាំងអស់ដែលទើបទទួលបានការគាំទ្រ ពីរាជរដ្ឋាភិបាលប្រគល់ជូនមុខតំណែ និងភារកិច្ចថ្មីនាពេលនេះ។
លោករដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយក ចិត្តទុកដាក់ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលជល ផលក្នុងការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍ ការងារគ្រប់គ្រប់ ស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយ ការការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារទប់ ស្កាត់ និងបង្រ្គាបបទល្មើសជលផល ការអភិវឌ្ឍវិស័យវារីវប្បកម្ម និងសហគមន៍នេសាទ។ល។ ក្នុងរយៈ ពេល១ឆ្នាំកន្លងមកនេះ សម្រេចបានលទ្ធផលគួរជាទីមោទន ហើយនេះពិតជាបានចូលរួមចំណែកក្នុងបុព្វហេតុនៃការអភិវឌ្ឍវិស័យជលផលនៅកម្ពុជាឱ្យមានការរីក ចម្រើនទាំងពេលបច្ចុប្បន្ន និងអនាគត។
ឆ្លៀតយកឱកាសនេះ ដើម្បីជាត្រីវិស័យចង្អុលបង្ហាញ និងបំភ្លឺបន្ថែមដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរដ្ឋបាលជលផលគ្រប់ជាន់ថ្នាក់យកទៅដោះស្រាយ កែលម្អ សម្របសម្រួល សហការ និងអនុវត្តភារកិច្ចឲ្យចំទិសដៅ ទាន់សភាពការណ៍ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ស្រប តាមផែនការយុទ្ធសាស្រ្តដែលបានគ្រោងទុកគឺការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន និងការប្រែប្រួលអាកាស ធាតុលោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំដៅដល់ការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលជលផលសម្រាប់ប្រតិភូថ្មី និងផែនការសកម្មភាពអនុវត្តបន្តសម្រាប់ឆ្នាំ២០២១ របស់រដ្ឋបាលជលផលមានជាអាទិ៍៖
ទី១. បន្តជំរុញការអភិវឌ្ឍវិស័យវារីវប្បកម្មឱ្យបានសកម្មថែមទៀត ជាពិសេសអនុវត្តអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ត្រូវបង្កើនសមត្ថភាពអនុវត្ត និងផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្មដល់មន្រ្តី និងប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ លើកទឹកចិត្ដដល់ផ្នែកឯកជនក្នុងការវិនិយោគ បង្កើតស្ថានីយ៍ ភ្ញាស់កូនត្រីពូជ កសិដ្ឋានចិញ្ចឹមត្រី រោងចក្រផលិតចំណីត្រី រោងចក្រកែច្នៃផល និងផលិតផលជលផល ដើម្បីកាត់បន្ថយការនាំចូល។ សម្រប សម្រួលក្នុងការបង្កើតបណ្តុំកសិករតាមប្រភេទត្រីនៅតាមបណ្តាខេត្តនីមួយៗ និងត្រូវជំរុញការ ស្រាវជ្រាវវារីវប្បកម្មទឹកសាប សមុទ្រ និងអភិវឌ្ឍន៍វារីវប្បកម្មខ្នាតតូច មធ្យម និងធំ។ ត្រូវប្រមូលស្ថិតិវារីវប្បកម្មក្នុងប្រទេស ដើម្បីងាយតម្រង់ទិសក្នុងការអភិវឌ្ឍ ទីផ្សារ និងការផ្គត់ផ្គង់។
ទី២. ត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលឱ្យបានហ្មត់ចត់។ ជំរុញការចុះបញ្ជី ទូកនេសាទសមុទ្រ និងត្រូវមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម។ ត្រូវពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ សហការជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងស្ថាប័នតុលាការ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល។ ត្រូវផ្សព្វផ្សាយអំពីលិខិតគតិយុត្តពាក់ ព័ន្ធនានា និងត្រូវបន្តជំរុញការកែសម្រួលច្បាប់ស្តីពីជលផល និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងបរិបទនៃតំបន់ភាវូបនីយកម្ម ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។ ពង្រឹងកិច្ច សហការឲ្យបានល្អជាមួយដៃគូអភិវឌ្ឍ ជាពិសេសជាមួយសហភាពអឺរ៉ុប ដើម្បីពិនិត្យ ពិភាក្សា រកដំណោះស្រាយធ្វើយ៉ាងណាដកកាតក្រហមចេញពីកម្ពុជាឲ្យបានឆាប់។
ទី៣. សហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងស្រុកជួយទប់ស្កាត់ និងបង្រ្កាបការកាប់រាន ការដុត ការឈូសឆាយ និងការហ៊ុមព័ទ្ធទន្រ្ទានព្រៃលិចទឹក និងព្រៃកោងកាងធ្វើជាកម្មសិទ្ធិក្នុងស្មារតីទទួលខុសត្រូវ និងត្រូវរៀបចំផែនទី បន្តបោះបង្គោលព្រំប្រទល់ឱ្យបានច្បាស់លាស់។
ទី៤. ត្រូវបន្តខិតខំពង្រឹងសមត្ថភាពរបស់សហគមន៍នេសាទ ឱ្យក្លាយជាសហគមន៍នេសាទមានភាពម្ចាស់ការ ដំណើរការល្អ រឹងមាំ សកម្មក្នុងការគ្រប់គ្រង អភិរក្សធនធានជលផលប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងមានមុខរបរចម្រុះចិញ្ចឹមជីវិតដើម្បីប្រែក្លាយជា “សហគមន៍នេសាទគំរូ និងគ្មានបទល្មើសជលផល” តាមរយ:ការជំរុញកិច្ចសហការក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានជលផល។
ទី៥. ត្រូវយកចិត្តទុកដាក់ការពារកន្លែងអភិរក្សជលផលឱ្យបានគង់វង្សល្អ ដោយបន្តបោះ បង្គោលព្រំប្រទល់កន្លែងអភិរក្សជលផល សាងសង់ស្នាក់ការល្បាត ទម្លាក់ប្រអប់បេតុង រៀបចំក្រុមយាមការពារកន្លែងអភិរក្ស។ ត្រូវយកចិត្តទុកដាក់ជំរុញការដាំព្រៃលិចទឹក និងព្រៃកោងកាង
។ បន្តការសិក្សាតំបន់កោះ ឬតំបន់ផ្កាថ្ម ស្មៅសមុទ្រ ដែលមានសក្តានុពលខ្ពស់ ដើម្បីបង្កើតជាតំបន់គ្រប់គ្រងជលផលសមុទ្រ។
ទី៦. ជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលឱ្យកាន់តែល្អប្រសើរ និងពង្រឹងសមត្ថភាព អង្គភាពជំនាញក្នុងការតាមដាន ត្រួតពិនិត្យគុណភាព សុវត្ថិភាពតាមរយៈការខិតខំកសាងបទដ្ឋានគតិយុត្ដ និងហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ ពិសេសការយកចិត្តទុកដាក់លើការកសាងសមត្ថភាពរបស់មន្ត្រីជំនាញ។ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់អ្នកពាក់ព័ន្ធក្នុងការអនុវត្តបច្ចេកទេសស្តីពីការអនុវត្តអនាម័យល្អ (GHP) ការអនុវត្តផលិតកម្មល្អ (GMP) និងការអនុវត្តវារីវប្បកម្មល្អ (GAP) ក្នុងទិសដៅលើកកម្ពស់ផលិតកម្មក្នុងស្រុកប្រកបដោយស្តង់ដាគុណភាព សុវត្ថិភាព រួមចំណែកការពារសុខភាពសាធារណៈ និងជំរុញការនាំចេញ។
ទី៧. ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ក្នុងការបំពេញភារកិច្ច ទប់ស្កាត់រាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុង ក៏ដូចជាការគ្រប់គ្រងលើមន្ត្រីរាជការប្រកបដោយសមធម៌ និងយុត្តិធម៌។ ត្រូវអនុវត្តឲ្យបានជាប្រចាំ និងប្រកបដោយប្រសិទ្ធភាពនូវក្រមសីលធម៌មន្ត្រីរាជការលើការគ្រប់គ្រងដឹកនាំក្នុងការបំពេញភារកិច្ចដូចមានចែងក្នុងជំពូកទី៥ មាត្រា៣៣ ដល់មាត្រា៣៨ ក្នុងច្បាប់ស្តីពីសហលន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សូរិយា