ជនសង្ស័យ វ៉ិត ធារិទ្ធ អនុប្រធានមន្ទីរកសិកម្មខេត្តកណ្តាលតុលាការកោះហៅលើកទី៣ បទល្មើស ឆបោកលុយកន្លះលានដុល្លារ

ចែករំលែក៖

ខេត្តកណ្តាល៖ លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះហៅលើកទី៣ លើជនសង្ស័យ វ៉ិត ធារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកណ្តាល មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធបទល្មើស ឆបោកលុយកន្លះលានដុល្លារ ។

ក្នុងដីកាកោះហៅ នេះ លោកព្រះរាជអាជ្ញារង សូ សុវិទ្យា សង្កត់ធ្ងន់ថា «ក្នុងករណីជនសង្ស័យ វ៉ិត ធារិទ្ធ មិនចូលតាមការកំណត់ក្នុងដីកាកោះ នេះ យើងនឹងចេញដីកាបញ្ជាអោយចូលខ្លួនអនុញ្ញាតអោយមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គល នោះ អោយចូលបង្ហាញខ្លួន»។ ដើមបណ្តឹងក្នុងសំណុំរឿងនេះ គឺ លោក លី វុទ្ធី ដែលមានងារជាឧកញ៉ា ផងដែរ ។

លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ថ្លែងប្រាប់ នាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ថា ជនសង្ស័យ វ៉ិត ធារិទ្ធ បានដាក់ពាក្យសុំពន្យាពេលចូលបំភ្លឺ ហើយ ។

គួររំលឹកថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីខែមីនា ឆ្នាំ២០២០ ទើបបានតែងតាំងលោក វ៉ិត ធារិទ្ធ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែពិសេស ថ្នាក់លេខ៦ (ក.១.៦) ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកណ្តាល ។ ដោយឡែក លោក ហេង សុភារិទ្ធិ ត្រូវបានតែងតាំងជានាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ជំនួស លោក វ៉ិត ធារិទ្ធ ៕

...

ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print