យោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃទី៥ កុម្ភៈ លោក Roy Hodgson អ្នកចាត់ការទូទៅរបស់ Crystal Palace បាននិយាយថា លោកមិនទាន់បានសម្រេចចិត្តអំពីអនាគតរបស់លោកនៅឯក្លិបនៃក្របខ័ណ្ឌ Premier League ឡើយ ដោយកិច្ចសន្យារបស់លោកនឹងផុតកំណត់នៅចុងរដូវកាលនេះ។
អតីតអ្នកចាត់ការ Liverpool សញ្ជាតិអង់គ្លេសវ័យ៧៣ឆ្នាំរូបនេះបានដឹកនាំក្លិប Crystal Palace ដល់ឈរលេខរៀងទី១១ ទី១២ និងទី១៤ នៅលីគកំពូលអង់គ្លេសចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ ២០១៧ ។ បច្ចុប្បន្នក្លិបស្ថិតនៅលេខ១៣ ដោយត្រូវប្រកួតនៅថ្ងៃចន្ទជាមួយក្រុម Leeds United ។
លោក Hodgson បានប្រាប់ talk SPORT ថា “វាមានរយៈពេលយូរនៅក្នុងបាល់ទាត់ ហើយខ្ញុំរីករាយរាល់នាទី និងរីករាយរាល់នាទីធ្វើការជាមួយ Crystal Palace និងក្រុមកីឡាករទាំងនេះ។ ខ្ញុំពិតជាមិនចង់ស្ថិតក្នុងស្ថានភាពដែលខ្ញុំត្រូវនិយាយអំពីអនាគតរបស់ខ្ញុំទេ ពីព្រោះដើម្បីឱ្យមានភាពត្រឹមត្រូវមួយត្រូវតែមានភាពប្រាកដនិយម”។
លោក Hodgson បានបញ្ជាក់ថា “ខ្ញុំមិនទាន់សំរេចចិត្តថាតើអនាគតគួរជាអ្វីសម្រាប់ខ្ញុំទេ ប៉ុន្តែខ្ញុំពិតជារីករាយណាស់ដែលបានធ្វើការពីមួយថ្ងៃទៅមួយថ្ងៃជាមួយក្រុម ហើយទុកពេលអនាគតដើម្បីថែរក្សាខ្លួនឯង។ ប្រហែលជាអ្វីៗនឹងកាន់តែច្បាស់សម្រាប់ខ្ញុំនៅពេលរដូវកាលត្រូវបញ្ចប់” ៕ដោយ៖ភារៈ