សំឡេងផ្ទុះអាវុធ នៅកន្លែងបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ប៉ុន្តេនៅពេលនេះគេមិនទាន់ដឹងថា ស្នូរកាំភ្លើង គឺជាការបាញ់គ្រាប់ពិតឬ ជាគ្រាប់កៅស៊ូនោះឡើយ ។
ឃ្លីបវីដេអូ ដែលបានផ្សាយផ្ទាល់នៅល្ងាចថ្ងៃទី៧ខែកុម្ភៈនៅលើបណ្តាញសង្គមហ្វេសប៊ុក ឃើញថាមានសំឡេងផ្ទុះកាំភ្លើងជាច្រើនគ្រាប់នៅតំបន់ Myawaddy រដ្ឋKayin ក្នុងពេលពលរដ្ឋកំពុងធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារយោធា ។
ឃ្លីបវីដេអូ បង្ហាញឲ្យឃើញថា ប៉ូលិសបានបំបែកក្រុងបាតុករ ប្រមាណ២០០នាក់ ស្ថិតនៅតំបន់ Myawaddy ។ ក្រោយមកក៏មានសំឡេងផ្ទុះកាំភ្លើង ដោយមិនដឹងថា ជាការបាញ់ព្រមានឬ យ៉ាងណានោះឡើយ។
តាមសារព័ត៌មាន រ៉យទ័រ បានផ្សាយថា នៅពេលនេះមានបាតុកម្មកើតឡើងនៅគ្រប់ទិសទីក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយកម្លាំងទាហានធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនក្នុងប្រទេសនេះ ក្នុងនោះមានទាំងប្រធានាធិបតី។ កម្លាំងយោធា បានចោទប្រកាន់ រដ្ឋាភិបាលធ្វើព្រងើយមិនដោះស្រាយ ពាក់ព័ន្ធការចោទប្រកាន់ បន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាកន្លងមក។
មកទល់ពេលនេះគឺជាថ្ងៃទី២ហើយដែលមានបាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីទាមទារឲ្យយោធាដោះលែងលោកស្រី ស៊ូជី ក៏ដូចជាប្រឆាំងការដឹកនាំរបស់យោធា។ នៅពេលមានឃ្លីបវីដេអូនៅល្ងាចថ្ងៃទី ៧ខែកុម្ភៈ សហគមន៍អន្តរជាតិ គាំទ្រការធ្វើបាតុកម្មខាងលើ ដែលកើតឡើងដោយសន្តិភាព។ ប៉ុន្តែក្រោយមានស្នូរកាំភ្លើង បានបង្កឲ្យមានក្តីបារម្ភកាន់តែខ្លាំង ពីអំពើហិង្សាកើតឡើង ពាក់ព័ន្ធការធ្វើបាតុកម្ម៕ដោយ៖ធី រីណា
រូបភាព៖AFP