យុវជន២នាក់ត្រូវក្រុមជនសង្ស័យមានគ្នាជាង១០នាក់ជិះម៉ូតូដេញកាប់បណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជន២នាក់ខណៈកំពុងជិះម៉ូតូត្រឡប់មកពីលេងផ្ទះមិត្តភក្តិវិញ ត្រូវបានក្រុមជនសង្ស័យប្រមាណជាង១០នាក់ជិះម៉ូតូ៦គ្រឿងដេញវាយនិងកាប់បណ្ដាលឲ្យ​រង​របួសធ្ងន់​។ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះបានកើតឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ 

   មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់គឺទី១-ឈ្មោះ ពៅ រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (មានរបួសស្នាម កដៃខាងស្តាំ១កន្លែង កំភួនដៃខាងស្តាំ១កន្លែង និងក្បាល៤កន្លែង) និងទី២-ឈ្មោះ ក្រុក សុធា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល (របួសក្បាលមួយកន្លែងដេរអស់៦ថ្នេរ)។ ចំណែកក្រុមជនសង្ស័យមានគ្នាប្រមាណជាង១០នាក់ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)។

     ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះឈ្មោះ ពៅ រ៉ា បានមកស្នាក់នៅផ្ទះរបស់ឈ្មោះ ក្រុក សុធា  ស្ថិតក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ធ្វើការជាជាងផ្សារដែក។លុះមកដល់ថ្ងៃទី៧ខែកុម្ភៈ​ឆ្នាំ២០២១ វេលាម៉ោង២រសៀល ជនរងគ្រោះទាំង២នាក់បានជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិឈ្មោះ ចាប នៅភូមិព្រែកបាំង ឃុំស៊ីធរ   រហូតមកដល់ម៉ោង២០និង៣០នាទី ថ្ងៃដដែលជនរងគ្រោះឈ្មោះ ពៅ  រ៉ា បានជិះម៉ូតូឌុបឈ្មោះ ក្រុក សុធា ត្រឡប់មកភូមិក្នុង ឃុំព្រែកតាមាក់វិញ ខណៈមកដល់ចំណុចវត្តព្រៃចាស់ស្រាប់តែឃើញក្រុមជនសង្ស័យមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូប្រហែល៦គ្រឿងពេញផ្លូវ ពេលនោះជនរងគ្រោះបានជិះម៉ូតូវ៉ាក្រុមជនសង្ស័យ។ ពេលឃើញបែបនេះក្រុមសង្ស័យបានជិះដេញតាមជនរងគ្រោះពីក្រោយ រហូតមកដល់ចំណុចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៤-៣៥ ក្រុមជនសង្ស័យបានកាប់ជនរងគ្រោះឈ្មោះ ក្រុក សុធា ពីក្រោយត្រូវក្បាលធ្វើឱ្យដួលម៉ូតូ រួចក្រុមជនសង្ស័យបានកាប់ឈ្មោះ ពៅ រ៉ា ទៀតបណ្តាលឲ្យរងរបួសជាទម្ងន់ ព្រមទាំងកាប់ម៉ូតូជនរងគ្រោះធ្វើឱ្យខូចខាតយ៉ាងដំណំ។ ក្រោយមកក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់។

     បន្ទាប់ពីកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាលទទួលបានព័ត៌មានខាងលើ​ ភ្លាមក៏ចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យ និងកសាងសំណុំរឿង ដើម្បីស្រាវជ្រាវរកក្រុមជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាង ជ័យ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print