ភ្នំពេញ, ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរ និងពិភាក្សាការងារជាមួយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសំដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន កម្ពុជា ដែលបានអនុញ្ញាត្តអោយវិទ្យុសំលេងសហរដ្ឋអាមេរិក VOA បើកដំណើរផ្សាយឡើងវិញតាម វិទ្យុ តាមរយ:ទូរសព្ទ័ដៃស្មាត ហ្វូន និងប្រពន្ធ័ Internet ដែលធ្វើអោយប្រជាជនទទួលបានព័ត៌មានច្រើន ហើយជាការ បង្ហាញពីការលើកកម្ពស់សិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន និងការបញ្ចេញមតិកាន់តែល្អប្រសើរនៅកម្ពុជា។
លោក ឯកអគ្គរដ្ឋទូត មានជំនឿជឿជាក់ថាឆ្នាំ២០២១ នេះ អ្វីៗនឹងកាន់តែល្អប្រសើរឡើងជាងឆ្នាំ២០២០ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានជម្រាបជូន លោករដ្ឋមន្ត្រី ពីសកម្មភាពការងារដែលស្ថានទូតអាមេរិក បានផលិត និងទេីបបានសម្ពោធនូវរូបសញ្ញាសម្រាប់អនុវត្តការងារឆ្នាំថ្មី២០២១ AmCam 2021 ឬកម្ពុជា អាមេរិក ២០២១។
ការប្រគំតន្ត្រី និង ពិធីសម្ពោធរូបសញ្ញា ឆ្នាំ ២០២១ការរួមចំណែកក្នុងភាពជាដៃគូរបស់សហរដ្ឋអាមេរិក ដល់ការអភិវឌ្ឍនៃប្រទេសកម្ពុជា។
ប្រធានបទសម្រាប់អនុវត្តឆ្នាំ ២០២១ រួមមាន វិបុលភាព និងនិរន្តរភាពពីខែមករា ដល់ខែមិនា ៖ បង្ហាញពីការរួមចំណែក របស់សហរដ្ឋអាមេរិក ចំពោះវិបុលភាព និងនិរន្តរភាព នៃប្រទេសកម្ពុជា និងតំបន់។
គោលការណ៍ និងគុណតម្លៃពីខែមេសា ដល់ខែមិថុនា ៖ លើកកម្ពស់នូវគុណតម្លៃ និងគោលការណ៍ រួម ដែលកំណត់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
សន្តិភាព និងសន្តិសុខពីខែកក្កដា ដល់ខែកញ្ញា ៖ ផ្តោតលើបញ្ហាសន្តិភាព និងសន្តិសុខ និងរំលឹក ខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។
ភាពជាដៃគូពីខែតុលា ដល់ខែធ្នូ ៖ ផ្តោតលើភាពជាដៃគូ ក្នុងទំនាក់ទំនងការទូតរបស់យើងជាមួយកម្ពុជា និងក្នុងតំបន់ ក្នុងពេលដែលកម្ពុជារៀបចំខ្លួន ទទួលនាទីជាប្រធានអាស៊ាន នៅឆ្នាំ ២០២២៕