បញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ

ចែករំលែក៖

មេខេត្តបន្ទាយមានជ័យ=ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍តាមបណ្តាគោលដៅ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ចូលសហគមន៍។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ រិតបន្តឹង និងល្បាត ត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនចូលមកមិនបានធ្វើចត្តាឡីស័កដាច់ខាតគ្រប់បណ្តាគោលដៅដែលបានកំណត់។

លោកមេបញ្ជាការកងពល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនិងមេបញ្ជាការយោធភូមិភាគទី៥ ដល់កងកម្លាំងជួរមុខដែលកំពុងបំពេញបេសកកម្មប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ជាពិសេសសូមឲ្យប្អូនទាំងអស់គ្នាយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន ហើយកម្លាំងជួរមុខនេះនៅពេលខាងមុខ នឹងទទួលបានចាក់វ៉ាក់សាំងការពារកូវីដ១៩មុនគេ។

លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ក៏សូមអរគុណជូនចំពោះថ្នាក់ដឹកនាំ អាជីវករ និងប្រជាពលរដ្ឋ នៅជិតព្រំដែន ដែលតែងតែយកចិត្តទុកដាក់និងលើកទឹកចិត្ត ដល់កងកម្លាំង បាននាំយកនូវគ្រឿងឧបភោកបរិភោគ ម៉ាស់ អាល់កុលនិងជេល សម្រាប់កងកម្លាំងកំពុងប្រតិបត្តិការ ដើម្បីការពារប្រជាជន និងជាតិមាតុភូមិ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print