មិននៅផ្ទះត្រូវចោរចូលលួចសម្ភារអស់មួយចំនួន ពេលដេញទាន់តាមផ្លូវបានរបស់ចោរមកវិញ

ចែករំលែក៖

ខេត្តរតនគិរី៖ ផ្ទះប្រជាពលរដ្ឋ
មួយកន្លែងត្រូវចោរលួចគាស់សោចូលលួចសម្ភារអស់មួយចំនួនខណៈម្ចាស់ផ្ទះមិននៅ ហើយពេលម្ចាស់ផ្ទះដេញតាមទាន់ក៏ផ្តួលម៉ូតូទុកចោលរត់យករួចខ្លួនដោយបន្សល់ទុកសម្ភារផ្ទាល់ខ្លួនមួយចំនួនវិញ។ ហេតុការណ៍នេះក៏បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវក្បែរនោះចេញមកជួយធ្វើអន្តរាគមន៍ផងដែរ កាលពីវេលាម៉ោង១១ៈ០០នាទី ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២១នៅចំណុចភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។

ប្រភពបានឱ្យដឹងថា ម្ចាស់ផ្ទះជាជនរងគ្រោះឈ្មោះ គីម សុង ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ មានទីលំនៅភូមិសង្កាត់ខាងលើ។

លោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញបានឱ្យដឹងថា ក្នុងហេតុការណ៍នោះសម្ភារដែលម្ចាស់ផ្ទះបាត់បង់រួមមានប៉ុស្តិ៍ផ្សារដែកចំនួនមួយ
និងម៉ូទ័រស្វានមួយ។
ពេលម្ចាស់ផ្ទះនិងអ្នកភូមិដេញទាន់នោះឃើញជនសង្ស័យមានគ្នាចំនួន៣នាក់ និងម៉ូតូចំនួន២គ្រឿង។
លោកនាយប៉ុស្តិ៍រដ្ឋបាលកាចាញបានឱ្យដឹងទៀតថា ពេលប្រជាពលរដ្ឋភ្ញាក់ផ្អើលនាំគ្នាដេញតាមពួកចោរនោះ មានប្រជាពលរដ្ឋម្នាក់ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវក៏បានបើកឡានទៅកៀរម៉ូតូចោរឱ្យធ្លាក់ទៅចិញ្ចើមផ្លូវម្ខាងរួចហើយពួកចោរក៏ផ្តួលម៉ូតូចុះរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោលតែម្តង។

លោកនាយប៉ុស្តិ៍បន្តថា ចោរនោះបានបន្សល់ទុកនៅកន្លែងកើតហេតុមានម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាមកែច្នៃ ពណ៌ក្រហមខ្មៅ អត់ស្លាកលេខ កាបូបស្ពាយពណ៌ខ្មៅមួយ និងសម្ភារនៅក្នុងកាបូបមានដូចជា
គោមសម្រាប់បំភ្លឺពាក់ក្បាលមួយ, អាវដៃវែងក្រឡា ស ខ្មៅមួយ, ទូរស័ព្ទដៃខូចមួយគ្រឿង និងកំប៉ុងហ្គាសតូចចំនួន១ផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រមូលវត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងបានលុងចាត់ការតាមនីតិវិធី ហើយក៏កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាយកមកផ្តន្ទាតាមផ្លូវច្បាប់ផងដែរ៕

...

ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print