ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមស្ម័គ្រ័ចិត្ដ ចាក់វ៉ាក់សាំង ប្រឆាំងកូវិដ-១៩ ជាជំហានដំបូង ក្រសួងសុខាភិបាលបាន ចាប់ផ្តើម តាមការគ្រោងទុក ដោយកំណត់យកអ្នកស្ម័គ្រចិត្តជាជំហានដំបូងក្នុង ចំណោមថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាល និងកង កម្លាំងប្រដាប់អាវុធ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ. នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកដែល ត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ស៊ីណូហ្វ៉ាម រួមមាន ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល និងបុត្រាបុត្រីជាឥស្សរជនជាន់ខ្ពស់ អភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខទាំងអស់ អ្នកនាំពាក្យនៅតាមក្រសួងស្ថាប័ននានា និងអ្នកសារព័ត៌មានដែលមានអាយុពី ១៨ ឆ្នាំដល់ ៥៩ឆ្នាំ បានចេញ ទៅចាក់វ៉ាក់សំាងការពារជំងឺ កូវីដ-១៩ជាដំបូងគេនៅតាមទីតាំងចំនួន ៤ ដោយទី ១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជន ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ,ទី២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ,ទី៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជា អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត,ទី៤៖ មន្ទីរពេទ្យកុមារជាតិសម្រាប់អ្នកសារ
ព័ត៌មាន។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ នាមន្ទីរពេទ្យកាល់ម៉ែត លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នក នាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ដំណើរការចាក់
វ៉ាក់សាំងកូវីដ-១៩នាពេលនេះ នឹងជួយឱ្យប្រទេសកម្ពុជាវិលទៅរកស្ថានភាពធម្មតាតាមបែបគន្លងថ្មី ។ លោកជំទាវបន្តថា ការទទួល ចាក់វ៉ាក់សាំងនេះ គឺជាការបន្ថែមនូវមធ្យោបាយក៏ដូចជាឧបករណ៍មួយទៀតបន្ថែមលើវិធានការ ការពារ ដែលក្រសួងសុខា ភិបាលតែងតែជម្រាបជូន ត្រូវតែបន្តអនុវត្ត ទោះបីជាទទួលបាននូវ វ៉ាក់សាំងនេះរួចហើយក៏ដោយ ក៏ប៉ុន្តែនៅតែបន្តអនុវត្តវិធានការសុខាភិបាល គឺអនុវត្តវិធានការ ៣ការពារនិង៣កុំ បូកជាមួយនឹងវ៉ាក់សាំងនេះ នឹងធ្វើឱ្យសរីរាង្គរបស់យើងរឹតតែមានភាពរឹងមាំ ក្នុងការទប់ស្កាត់នៅការវាយលុកពីវីរុសកូវីដ-១៩ ។
វ៉ាក់សាំងកូវីដ-១៩នឹងជួយយើងថែមទៀត ដើម្បីឱ្យយើងឆាប់បានវិលត្រឡប់ទៅរក ស្ថានភាពធម្មតា នៅក្នុងបែបគន្លងថ្មីរបស់យើង ទន្ទឹមនឹងនោះធ្វើម៉េចដើម្បីជួយឱ្យយើង អាចប្រកបរបររកស៊ីបានធម្មតា ជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជារបស់យើង ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ គឺនឹងត្រូវកំណត់ចំនួនត្រឹមតែ ១៤៩,៥០០ នាក់ ដែលនឹងត្រូវប្រើប្រាស់វ៉ាក់សាំងកូវីដស៊ីណូហ្វាម។គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ- ១៩ ព្រមទាំងក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការ ចាក់វ៉ាក់សាំងកូវីដ ១៩ នឹងត្រូវធ្វើជាដំណាក់កាលៗទៅតាមចំនួនវ៉ាក់សាំងដែលបានទទួលរួចហើយ និងវ៉ាក់សាំងដែលអាចនឹងទទួលបាននៅក្នុងឆ្នាំ ២០២១ នេះ។បន្ទាប់មក អ្នកដែលត្រូវបានអនុញ្ញាត ឱ្យចាក់ជាបន្តបន្ទាប់ទៀតនោះ មានកម្លាំងជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អាជ្ញាធរថ្នាក់ក្រោមជាតិជួរមុខ (ខេត្ត ស្រុក ខណ្ឌ សង្កាត់ ឃុំ ភូមិ) និងកងកម្លាំងមានសមត្ថកិច្ច (នគរបាល) ជួរមុខដែលកំពុងសកម្មក្នុងការជួយអន្តរាគមន៍នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងនគរបាលដែលនៅឈរជើងតាមព្រំដែននឹងត្រូវចាក់ជូនដោយក្រសួងការពារជាតិ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអនឡាញនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧៩នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន ៤៥៧នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២១នាក់ និងគ្មានអ្នកស្លាប់នោះទេ ៕.