មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានស្តីបន្ទោសយ៉ាងខ្លាំង ដល់មន្ត្រីក្រោមឱវាទ ហើយដកតំណែងមន្ត្រីទទួលបន្ទុកអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើនរូប ដែលទើបតែតែងតាំងរយៈពេលជាង១ខែកន្លងមក ដោយសារតែមិនមានចក្ខុវិស័យសង្គ្រោះសេដ្ឋកិច្ចជាតិ។
សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា នេះជាពេលវេលាដ៏អាក្រក់បំផុតក្នុងរយៈពេល៩ឆ្នាំដែលមេដឹកនាំ គីម ជុងអ៊ុន កាន់តំណែង ។ ការខិតខំក្នុងវិស័យការបរទេសដោយសង្ឃឹមថា នឹងទទួលបានការលើកលែងទណ្ឌកម្មពីអាមេរិក ក៏ធ្លាក់ក្នុងសភាពជាប់គាំង ។ ចំណែកព្រំដែនក៏ត្រូវបានបិទដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែអាក្រក់។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការប្រឈមមុខនាពេលបច្ចុប្បន្នរបស់កូរ៉េខាងជើង អាចនឹងធ្វើឲ្យពលរដ្ឋធ្លាក់នៅក្នុងភាពចលាចល ហើយប្រទេសជាតិនឹងធ្លាក់ក្នុងស្ថានភាពអសន្តិសុខ។
ការប្រឈមមុខនាពេលបច្ចុប្បន្ន របស់មេដឹកនាំ គីម ជុងអ៊ុន គឺគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល៥ឆ្នាំរបស់លោក ដែលបានអនុម័តកាលពីដើមខែមករា ហើយនៅថ្ងៃទី ១១ខែកុម្ភៈ លោកគីម បានថ្កោលទោសដល់មន្ត្រីទាំងអស់ដែលមិនមានយុទ្ធសាស្ត្រល្អក្នុងការជួយដល់សេដ្ឋកិច្ចជាតិ។
លោកគីម បញ្ជាក់ថា គោលដៅរបស់រដ្ឋាភិបាលគឺធ្វើឲ្យវិស័យកសិកម្មក្នុងឆ្នាំនេះរីកចម្រើនខ្ពស់ បើទោះបីមិនមានសម្រេចភារៈ គ្រប់គ្រាន់ក្នុងវិស័យកសិកម្ម និងអាកាសធាតុមិនអំណោយផលក្តី៕
រូបភាព៖ KCNA