ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន កងអន្តរាគមន៍, ជំនាញព្រហ្មទណ្ឌ ,ជំនាញនគរបាលចរាចរណ៍ផ្លូវគោក , កម្លាំងអធិការដ្ឋាននគរបាលស្រុក ,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយរថយន្តមួយគ្រឿង ម៉ាក BMW X5 នៅចំណុចគោលដៅភូមិបាធាយ ស្រុកបាធាយ ដែលជននេះលួចពីភ្នំពេញ ហេីយត្រូវបេីកឆ្លូងកាត់ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានទទួលពាក្យបណ្ដឹងផ្ទាល់ពីមាត់ពីលោក គង់ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មថា មានករណីចោរកម្មលួចរថយន្ដកូនប្រុសរបស់លោកម៉ាកBMW X5 ពាក់ស្លាកលេខ 2AQ-1944 និងឯកសារពាក់ព័ន្ធ លួចចេញពីភ្នំពេញឆ្ពោះទៅខេត្តកំពង់ចាម ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះ នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ កម្លាំងជំនាញព្រហ្មទណ្ឌ កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចេញប្រតិបត្តិការ ពិនិត្យនិងឃាត់លើអត្ដសញ្ញាណរថយន្ដដែលបានបាត់នោះ ។
រហូតមកដល់ម៉ោង១២និង៣០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយ ដែលកំពុងឈរជើងនៅចំណុចគោលដៅភូមិបាធាយ ស្រុកបាធាយក៏ប្រទះឃើញរថយន្តមានអត្ដសញ្ញាណដូចខាងលើ ដោយបើកបរក្នុងល្បឿនលឿនមិនបានឈប់តាមបញ្ជារបស់មន្ត្រីចរាចរណ៍ ហើយកម្លាំងជំនាញបានដេញតាមរហូតមកដល់ចំណុចភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ទើបត្រូវបានកម្លាំងជំនាញឃាត់បាន (រថយន្តមានអត្តសញ្ញាណខាងលើ) ។
ជនសង្យ័យ១នាក់ឈ្មោះ មេត សុខណាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិកំពង់គោ ឃុំកំពង់គោ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ការឃាត់ខ្លួនជននេះដោយមានការចូលរួមសម្របសម្រួលការងារពីលោក សាន សុភៈ ព្រះរាជអាជ្ញារង ។
ជនសង្ស័យ និងរថយន្ដបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ ដោយក្នុងនោះកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក៏បាននិងកំពុងសាកសួរ និងពិនិត្យរកសារធាតុញៀនផងដែរ ៕
វណ្ណៈ